អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (ING Group) បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោយសាងភ្នួសរយៈពេល ៣២ថ្ងៃ នៅវត្តរាជបូណ៌ ខេត្តសៀមរាប។

អំឡុងពេលសាងភ្នួសរយៈពេលជាង ១ខែនេះ ព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានបដិបត្តិចម្រើនសមាធិ សមថកម្មដ្ឋាន និងកិច្ចសាសនា ព្រមទាំងកិច្ចផ្សេងៗជាច្រើន ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ ដួងវិញ្ញាណក្ខន្ធលោកឳពុក មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ឋសាសនូបត្ថម្ភក៍ លឹម ឈុន និងបានជូនមហាកុសលផលបុណ្យជូនចំពោះអ្នកម្តាយ អ្នកម្តាយក្មេក និងក្រុមគ្រួសារ។
អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានលើកឡើង កាលពីចុងខែមិថុនា ឆ្នាំ២០២៤ ថាការបួសជាភិក្ខុភាវៈរយៈពេលជាង០១ខែនេះ ជារៀងរាល់ថ្ងៃអ្នកឧកញ៉ាបានបដិបត្តិចម្រើនសមាធិ សមថកម្មដ្ឋាន សង្រួមកាយ វាចា និងចិត្ត។ លើសពីនេះ អ្នកឧកញ៉ា ក៏បានបំពេញកិច្ចសាសនា និងកិច្ចផ្សេងៗជាច្រើនទៀត រួមទាំងការប្រគេនដីបន្ថែមទំហំ ២០០ហិកតា មានទីតាំងស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ។
សូមជម្រាបថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានចូលសាងភ្នួស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ជាមួយនឹងដំណើរសាងភ្នួសនេះ អ្នកឧកញ៉ា សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលបានផ្តល់ព្រះឱវាទ ក្នុងនាមជាព្រះឧបជ្ឈាយ៍ និងបានផ្តល់នូវសេនាសេនៈរៀនសូត្រព្រះធម៌ ក្នុងរយៈពេលជាង០១ខែ៕






