លោកស្រី សុខ ស្រីអូន ភរិយារបស់លោកឧកញ៉ា អុឹង គីមហុង រហ័សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» ម្ចាស់បុរី TLL ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រៅពីជួយជ្រោមជ្រែងស្វាមីលើវិស័យអចលនទ្រព្យ លោកស្រី សុខ ស្រីអូន ក៏ជាអគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ដែលជាម្ចាស់ហាងលក់ផលិតគ្រឿងសម្អាងរបស់កូរ៉េ និងលក់កាបូបនារីម៉ាកល្បីៗ។
លោកឧកញ៉ា អុឹង គីមហុង និងលោកស្រី សុខ ស្រីអូន បានស្គាល់គ្នានិងចាប់ដៃគ្នាកសាងគ្រួសារមួយ រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលខែវិច្ឆិកា ឆ្នាំ២០២៣ ឧកញ៉ា អុឹង គីមហុង និងភរិយា បានធ្វើពិធីឡើងភូមិគ្រឹះថ្មី តម្លៃជិត ៥លានដុល្លារ នៅលើផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ។ លោកឧកញ៉ា និងភរិយា តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជាមួយរាជរដ្ឋាភិបាល ជួយដល់សង្គមជាហូរហែ ពិសេសគេសង្កេតឃើញឧកញ៉ាទាំងពីររូប តែងចែករំលែកម្ហូបអាហារដល់អ្នកខ្វះខាត នៅមុខភូមិគ្រឹះផ្ទាល់ខ្លួនផងដែរ៕


