អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ដើម្បីប្រមូលបច្ច័យរួមចំណែកកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលរយៈពេល៣ថ្ងៃ បានទទួលបច្ច័យពីពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាចូលរួម មានចំនួន សរុប ១៣១,០៤៦ ដុល្លារ។

តាមការឱ្យដឹងពីក្រុមហ៊ុន សុខា អូតែល ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី រយៈពេល៣ថ្ងៃកន្លងទៅនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង អ្នកឧកញ៉ា សុខ គង់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ បច្ច័យទទួលបានពីពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងពិធីបុណ្យនេះ មានចំនួនសរុប ១៣១,០៤៦ដុល្លារ (មួយរយសាមសិបមួយពាន់សែសិបប្រាំមួយដុល្លារអាមេរិក)។

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ៕


