ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធាន FASMEC តំណាងឱ្យថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមសម្ដែងនូវអបអរសាទរដល់លោក គួច ចំរើន ក្នុងឱកាសដែលលោកទទួលបានការត្រាស់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
លិខិតសមាគមមូលនិធិសម្តេចតេជោ SME បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមខ្ញុំបាទ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធាន FASMEC តំណាងឱ្យថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា យើងខ្ញុំសូមចូលរួមសម្ដែងនូវអបអរសាទរដោយស្មោះ ប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែល ឯកឧត្តម ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
លិខិតខាងលើកបន្តថា ព្រះរាជទានត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នេះ គឺជាសក្ខីភាពឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ ឯកឧត្តម ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពោពេញទៅដោយថាមពល សមត្ថភាព គុណវឌ្ឍ ដោយមិនខ្លាចនឿយហត់ ក្នុងការបម្រើឧត្តមប្រយោជន៍ជូនជាតិ។
ភាពជោគជ័យដ៏វិសេសវិសាល ដែល ឯកឧត្តម ទទួលបាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ល្អថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើ គោរពជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំង មាំមួន ប្រាជ្ញាឈ្លាសវៃ និង ជោគជ័យដ៏ត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច»។