ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក លុក សុីដូរ៉េ ជា «ឧកញ៉ា» នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧៥។


ព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ាខាងលើនេះ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក លុក សុីដូរ៉េ បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ បច្ចុប្បន្នលោកមានក្រុមហ៊ុនធំៗចំនួន៣ក្នុងដៃ ដោយក្នុងនោះលោកជា អគ្គនាយកក្រុមហ៊ុនប្រេងម៉ាសុីន អុិច វន័ (Distributor Cambodia), អគ្គនាយកក្រុមហ៊ុន លី យៀវ (ខេមបូឌា) Food Trading Co., Ltd និងជាអគ្គនាយកក្រុមហ៊ុន DORE-MEY Import Export Co., Ltd។
លោកឧកញ៉ា លុក សុីដូរ៉េ និងភរិយា ជាសប្បុរសជនដ៏សកម្មមួយរូប ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម ដូចជា ការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕




