ណែនាំឱ្យស្គាល់ស្ថាបនិក និងជាប្រធានក្រុម KHMER UNITED FC ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Soccer League 2024

ជុំវិញ​ឧកញ៉ា

Soccer League 2024 ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក នឹងមកដល់វគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ វេលា​ម៉ោង ៥ល្ងាច រវាងក្រុមបាល់ទាត់ ខ្មែរ យូណាយធីត (KHMER UNITED FC) លេងទល់ជាមួយ​ក្រុម​បាល់ទាត់ TOFU ARMY FT នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ Oknha News សូមណែនាំឱ្យ​ស្គាល់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជា​ស្ថាបនិក និងជាប្រធាន KHMER UNITED FC។

កាលពីចុងខែមីនា ឆ្នាំ២០២៤ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United ​​បាន​ប្រកាស​​​នៅ​លើ​ទំព័រហ្វេសប៊ុកថា លោក​នឹង​ចូលរួម​លេង​ពាន​រង្វាន់​បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤នេះ ​​និង​ប្តេជ្ញា​យក​លេខ​១ ឱ្យ​បាន​ក្នុងនាម​ជា​កីឡាករ​វ័យ ៤៥ឆ្នាំ។ យ៉ាងណាមិញ ក្រោយ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ជា​ច្រើន​សប្តាហ៍ ទីបំផុត​ក្រុម​របស់​លោកឧកញ៉ា បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ និង​​កំពុង​មាន​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​​ក្លាយ​ជា​ម្ចាស់ពាន​នៅ​ឆ្នាំនេះ។

បន្ទាប់ពី​​​ក្រុម​របស់​ខ្លួន​​បាន​កក់កៅអី​ឡើង​ទៅ​វគ្គផ្តាច់ព្រ័ត្រ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​បទសម្ភាសន៍​ថា៖ “ពេលដែល​យើង​ឆ្លង​មក​ដល់​វគ្គផ្តាច់ព្រ័ត្រ​នេះ​ គឺ​យើង​មាន​សង្ឃឹម​​​ច្រើន​ហើយ។ ​ក្រុម​ដែល​​ឡើង​មក​ជាមួយ​យើង​ក៏​ជា​​ក្រុម​ខ្លាំង​ដែរ ប៉ុន្តែ​ទំនុកចិត្ត​ដែល​ខ្ញុំ​មាន គឺ​ខ្ញុំ​ទុកចិត្ត​លើ​កីឡាករ​របស់​ខ្ញុំ​ ១០០%”។

សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជា​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ​គ្រប់​ប្រភេទ។ លោកឧកញ៉ា ក៏ជា​នាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជា​លំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។

លើសពីនេះ លោកឧកញ៉ាបណ្ឌិត ជា​នាយកប្រតិបត្តិរបស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មាននៅលើ ៥ទ្វីប ជាង ៥២ប្រទេស និងមានក្រុមការងារជាង ២សែននាក់នៅលើពិភពលោក ព្រមទាំង​មាន​តួនាទីជា នាយកប្រតិបត្តិរបស់បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជាលំនៅដ្ឋានសម្រាប់​គ្រួសារវ័យក្មេងកម្ពុជា ស្ថិតនៅកៀនស្វាយ ខាងកើតស្ពានច្បារអំពៅ ១០គីឡូម៉ែត្រ។ ទទឹមនឹងនេះ លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ជា​ស្ថាបនិកក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែល​បានបង្កើតឡើងតាំងពីឆ្នាំ២០១១ ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគត​ផងដែរ៕