ឧកញ៉ា ហេង គឹមស៊រ ជាអគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និងម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា បានឧបត្ថម្ភអាវពោងសុវត្ថិភាពចំនួន ៨៥អាវ ជូនដល់ក្មេងៗសម្រាប់ឆ្លងស្ទឹងទៅសាលារៀននានា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមគណនីហ្វេសប៊ុកឈ្មោះ Ah Rathana ដែលតែងបង្ហាញពីសកម្មភាពសប្បុរសធម៌ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញសារថ្លែងអំណរគុណដល់ លោកឧកញ៉ា ហេង គឹមស៊រ និងលោកស្រី អុឹង ភិចស៊ូន ព្រមទាំងបុត្រ ដែលតែងតែឧបត្ថម្ភថវិកាជួយដល់ជនក្រីក្រព្រមទាំងក្រុមគ្រួសារនិងអ្នកកំពុងជួបការលំបាករហូតមក។ សម្រាប់លើកនេះ លោកឧកញ៉ា និងភរិយា បានឧបត្ថម្ភអាវពោងសុវត្ថិភាពចំនួន ៨៥អាវ ចែកជូនក្មេងៗដែលត្រូវឆ្លងស្ទឹងទៅរៀនតាមសាលារៀននានា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារសុវត្ថិភាពក្នុងរដូវវស្សានេះ។
គួរបញ្ជាក់ថា លោកឧកញ៉ា ហេង គឹមស៊រ និងភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ ដូចជាការចូលរួមកសាងសមិទ្ធផលតាមវត្តអារ៉ាម និងសកម្មភាពសប្បុរសធម៌ផ្សេងៗ។ តាមរយៈការជួយការងារសង្គមជាច្រើន ប្អូនថ្លៃរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ រូបនេះ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕