លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សាខាថ្មី ប្រ៊ូវខហ្វហ្វីអេនឡោញ (Brew Coffee and Lounge) ដែលគ្រោងនឹងបើកដំណើរសាកល្បងទទួលភ្ញៀវជាផ្លូវការ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

នៅថ្ងៃទី៤ ខែកក្កដា ម្សិលមិញនេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានរៀបចំពិធីសែនម្ចាស់ទឹកម្ចាស់ដី ជំនាង សុំសេចក្តីសុខ សេចក្តីចំរើន ព្រមទាំងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងក្រុមហ៊ុន ប្រធានផ្នែក ប្រធានក្រុម និងបុគ្គលិកមួយចំនួន ដើម្បីត្រៀមបើកហាងថ្មី សាកល្បងទទួលភ្ញៀវជាផ្លូវការ (Soft Opening) នៅថ្ងៃទី៧ ខែក្កដា ដែលមានតារាចម្រៀង Kwan ព្រមទាំងតារាល្បីៗមួយចំនួនដូចជា កញ្ញា សាន កុសៈមៈ លោក រេនី ដារ៉ា លោក ដេវីដ លោក ក្សត្រា និងអូនក្តឹប។
សូមជម្រាបថា លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានបើកហាង ប្រ៊ូវខហ្វហ្វី (Brew Coffee) សាខាទី១ កាលឆ្នាំ២០១៦ មានទីតាំងនៅខណ្ឌជ្រោយចង្វារ។ បន្ទាប់មក លោកឧកញ៉ា បានពង្រីកសាខាទី២ ប្រ៊ូវខហ្វហ្វី មានទីតាំងនៅជិតសាលាស៊ីសុវត្ថិ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ រីឯសាខាថ្មីមួយទៀត ប្រ៊ូវខហ្វហ្វីអេនឡោញ (Brew Coffee and Lounge) ដែលកំពុងគ្រោងបើកដំណើរការនេះ មានទីតាំងស្ថិតនៅផ្លូវ៣៧០ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្បែរផ្សារទំនើប ជីបម៉ុង នរោម៉ល៕



















