អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ដីពីកិច្ចសហការពង្រឹង និងលើកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងសិល្បករ សិល្បការិនីជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ អ្នកឧកញ៉ា ម៉ៅ ចំណាន បានចាត់ទុកការចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ជាមោទកភាព ដែលទទួលបានការផ្ដល់ទំនុកចិត្តពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសិល្បករ សិល្បការិនី និងក្រុមការងាររបស់សមាគមសិល្បករខ្មែរទាំងអស់ ចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអទិភាពដ៏ខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
អ្នកឧកញ៉ាប្រធានសមាគម មានប្រសាសន៍ថា សិល្បៈជាអាវុធដ៏មុតស្រួចដែលអាចចាក់ចូលក្នុងក្រអៅបេះដូងរបស់មហាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនតែម្ដង។ ក្នុងន័យនេះសិល្បករ សិល្បការិនី ពិតជាបុគ្គលដ៏មានសក្ដានុពលបំផុត ក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ ដូច្នេះការចូលរួមរបស់សមាគមសិល្បករខ្មែរនាពេលនេះ ជាស្មារតីនៃចូលរួមចំណែកសម្រេចឱ្យបាននូវឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសស្អាតស្អំ គ្មានការប្រើប្រាស់គ្រឿងញៀន និងជាប្រទេសគំរូមួយឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បករ សិល្បការិនី ទាំងអស់ក្នុងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរូបលោកផ្ទាល់ ពិតជាមានការគាំទ្រទាំងស្រុងនូវរាល់សកម្មភាពរបស់សមាគមសិល្បករខ្មែរ។ ជាពិសេសការចូលរួមក្នុងកិច្ចការជាច្រើនរបស់សង្គមជាតិ ក្នុងនោះក៏មានការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងសមាគមសិល្បករខ្មែរ នាពេលនេះ ជាគំរូល្អមួយសម្រាប់ការអនុវត្តជាមួយនឹងស្ថាប័នផ្សេងៗទៀត ដើម្បីចូលរួមសម្រេចឱ្យបាននូវផែនការយុទ្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕




