អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន១៦០លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផា។

នៅបណ្ដាញសង្គមផ្ទាល់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «វប្បធម៌នៃការចែករំលែក ដើម្បីស្នាមញញឹមនិងក្តីសង្ឃឹមកុមារកម្ពុជា» នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ខ្ញុំបាទបាននាំនូវថវិកាចំនួន 160,000,000រៀល(មួយរយហុកសិបលានរៀល) ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី៩ នៃការបរិច្ចាគជូនមន្ទីរពេទ្យ និងដើម្បីចូលរួមតាមការអំពាវនាវរបស់លោក អ៊ុ ប៊ុនរ៉េត ជាប្រធានក្លិបក្រុមម៉ូតូ BMW Cambodai ដែលបានចាប់ផ្តើមយុទ្ធនាការ ៤ខែ បើកម៉ូតូពីទ្វីបអ៊ឺរ៉ុបឆ្ពោះមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងរ៉ៃអង្គាសថវិកាសប្បុរសធម៌ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ស្របពេលជាមួយគ្នានៃការនាំយកថវិកាទៅជួយមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា អគ្គនាយកក្រុមហ៊ុនបញ្ញើឆាប់រហ័សឈានមុខគេនៅកម្ពុជារូបនេះ ក៏បានអំពាវនាវសប្បុរសជនចូលរួមជាកម្លាំងចិត្ដដល់ លោក អ៊ុ ប៊ុនរ៉េត និងចូលរួមវប្បធម៌ចែករំលែកដើម្បីកម្ពុជា តាមរយៈតំណរលីង ៖https://bmwmotorcycleclubcambodia.com/donate/index.html
សូមជម្រាបជូនថា ក្នុងឱកាសជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បាននាំយកថវិកាចំនួន ១៣០លានរៀល ទៅជួយដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។ បើសរុបថវិកាដែល ស្ថាបនិកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានរួមចំណែកក្នុងវិស័យសុខភាពសាធារណៈ ក៏ដូចជាការជួយសង្គ្រោះជីវិត និងព្យាបាលកុមារក្នុងប្រទេសកម្ពុជា ចូលជិត២០ម៉ឺនដុល្លារហើយ៕

