ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី បានជូនដំណឹងពីការមិនប្រើប្រាស់ អាខោន ABA ដើម្បីអង្គាសបច្ច័យកសាងជួង ក្នុងនៅវត្តជោតប្បនារាម ហៅ(វត្តតាសុត) វត្តព្រះអង្គវនវាសីចន្ទមុនីឡើយ។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា ហួត ឈឿន បានលើកឡើងថា «ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនទាំងអស់គ្នាជាដំណឹងថាខ្ញុំបាទឧកញ៉ាហួតឈឿនមិនមានប្រើ account ABAទេហើយក៏មិនមានការប្រកាសរៃអង្គាសប្រាក់ចូលបច្ច័យកសាងជួងឡើយ»។
ការប្រកាសមិនប្រើអាខោន ABA ដើម្បីរៃអង្គាសបច្ច័យរបស់ឧកញ៉ា ហួត ឈឿន ទំនងធ្វើឡើងក្រោយពីមានជនខិលខូច ក្លែងបន្លំគណនីដើម្បីប្រមូលថវិកាពីសប្បុរសជនក្នុងគោលបំណងទុច្ចរិត។
សូមជម្រាបជូនថា ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី បានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងវត្ដជោតប្បនារាម ហៅ(វត្តតាសុត) ហើយកាលពីពេលថ្មីៗនេះ ឧកញ៉ា ហួត ឈឿន ទើបតែដាក់ឆ្លងប្រគេនអណ្ដូងទឹកស្អាត ទី៣ និងទី៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី៕

