ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ដល់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមជាមួយសប្បុរសជន ៩អង្គ/រូបផ្សេងទៀត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥២៤ ព្រះមហាក្សត្របានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ និងដល់សប្បុរសជនសរុបចំនួន ៣៦អង្គ/រូប។ ជាមួយគ្នានោះ គ្រឿងឥស្សរិយយស ជាតូបការ មានចំនួន ១០អង្គ/រូប រួមទាំង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ រីឯ គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ មានចំនួន ១៤អង្គ/រូប ខណៈដែលគ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន ថ្នាក់មហាសេនា មានចំនួន ១២អង្គ/រូប។
សូមជម្រាបថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាសប្បុរសជនមួយរូបដែលតែងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយដល់សង្គម ទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ ដូចជា ការបរិច្ចាគជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ប្រវត្ដិសាស្រ្ដយោធាកោះថ្ម X16 ការឧបត្ថម្ភភេសជ្ជៈដល់រដ្ឋបាលខេត្តក្នុងពិធីបុណ្យទានផ្សេងៗ ការឧបត្ថម្ភដល់ព្រឹត្តិការណ៍ស៊ីហ្គេម កីឡាប្រដាល់ និងព្រឹត្តិការណ៍កីឡាបាល់ទាត់ ហើយថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ក៏ទើបនាំអង្ករចំនួន ៦០ តោនសម្រាប់ ១ឆ្នាំ និងភេសជ្ជៈរបស់ក្រុមហ៊ុនចំនួន ១២០កេស ជូនដល់ក្រសួងព័ត៌មានផងដែរ៕