លោក ឡាយ ឈុនហួ អគ្គនាយក ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ិមផតអិចផតខូអិលធីឌី ដែលជាក្រុមហ៊ុននាំចេញអង្ករធំ១នៅកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ឡាយ ឈុនហួ ត្រូវបានគេស្គាល់ថា ជាអគ្គនាយក ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ិមផតអិចផតខូអិលធីឌី ដែលជាក្រុមហ៊ុននាំចេញអង្ករធំ១នៅកម្ពុជា។ ក្រៅពីនោះ លោកក៏មានតួនាទីជា អគ្គនាយកក្រុមហ៊ុន អែមដាយអីម៉ិន អ៊ិនធើត្រេដ ឯ.ក ផងដែរ។
លោក ឡាយ ឈុនហួ មានស្រុកកំណើតនៅភូមិថ្មគោល ឃុំតាម៉ឺន ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ នៅក្នុងការសិក្សា អគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ធំលេខ១នេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម កាលពីឆ្នាំ២០០៦ មកពីសហរដ្ឋអាមេរិច, បញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម នៅឆ្នាំ២០១០ ពីសហរដ្ឋអាមេរិច។ មិនត្រឹមតែប៉ុណ្ណោះ លោក ឡាយ ឈុនហួ ក៏បានរៀនចប់វគ្គបណ្ដុះបណ្ដាល អាជីវកម្ម នៅឆ្នាំ២០០២ ពីប្រទេសនូវែលសេឡង់ផងដែរ។
លោក ឡាយ ឈុនហួ ជាសិស្សកម្ពុជាដែលមានសមត្ថភាព អាចចេះនិយាយរហូតដល់ទៅ៤ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិនកុកងឺ និងភាសាថៃ។
ក្រៅពីសមត្ថភាពទាំងអស់នេះ លោក ឡាយ ឈុនហួ ធ្លាប់បានទទួលគ្រឿងឥស្សរិយយសជាច្រើនផងដែរ ដូចជា គ្រឿងឥស្សរិយយសការងារ និងគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍។
នៅក្នុងកិច្ចការសង្គម អគ្គនាយកស៊ីធីរ៉ាយស៍ អ៊ិមផតអិចផតខូអិលធីឌី តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជាមួយរាជរដ្ឋាភិបាលជាច្រើនដូចជា បរិច្ចាគថវិកា ក្នុងខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤, បរិច្ចាគថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា , បរិច្ចាគអង្ករដល់ក្រសួងនានា ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ ចុះជួយប្រជាជនក្រីក្រ ជាពិសេសចាស់ជរា និងកុមារក្រីក្រ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
,បរិច្ចាគថវិកា ធ្វើសាលាអនុវិទ្យាល័យតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង និងកម្មវិធីជាច្រើនទៀតរបស់រាជរដ្ឋាភិបាល៕