ក្រុម Khmer United FC របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ Soccer League 2024 ក្រោយយកឈ្នះលើក្រុម Tofu Army FT ដោយលទ្ធផល ២ ទល់នឹង ១ ក្នុងម៉ោងបន្ថែម១៥នាទីពីរដង នាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ និងពិធីបិទការប្រកួតបាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), លោកអភិសន្តិបណ្ឌិត ស សុខា និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ស.ស.យ.ក ព្រមទាំងថ្នាក់ដឹកនាំយុវជន និងទស្សនិកជនជាច្រើននាក់។
ក្រោយរកឃើញម្ចាស់ជើងឯក លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក បានផ្តល់កិត្តិយសប្រគល់រង្វាន់ដល់ក្រុមជ័យលាភីលេខ១ ដែលបានទៅលើក្រុម KHMER UNITED ខណៈដែលលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងសមាជិកក្រុម បានទទួលដោយផ្ទាល់ដៃ យ៉ាងរំភើបរីករាយ។
Soccer League លើកទី៧ ឆ្នាំ២០២៤ ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។
សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ។ លោកឧកញ៉ា ក៏ជានាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជាលំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។
លើសពីនេះ លោកឧកញ៉ាបណ្ឌិត ជានាយកប្រតិបត្តិរបស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មាននៅលើ ៥ទ្វីប ជាង ៥២ប្រទេស និងមានក្រុមការងារជាង ២សែននាក់នៅលើពិភពលោក ព្រមទាំងមានតួនាទីជា នាយកប្រតិបត្តិរបស់បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជាលំនៅដ្ឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ស្ថិតនៅកៀនស្វាយ ខាងកើតស្ពានច្បារអំពៅ ១០គីឡូម៉ែត្រ។
ទទឹមនឹងនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏ជាស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United។ ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគត៕