អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារខាងលើនេះ ក៏មានការអញ្ជើញចូលរួមអមដោយ ថ្នាក់ដឹកនាំសមាជិករាជរដ្ឋាភិបាល ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបទៀតផងដែរ។
គួររំឭកថា កាលខែថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យកែសម្រួលការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ហៅកាត់ថា «ក.ផ.ផ.)។ ក.ផ.ផ. មានតួនាទីភារកិច្ចដូចជា៖ ១.សិក្សាស្រាវជ្រាវ វិភាគស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយពីទីផ្សារទេសចរណ៍, ២.ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ, ៣.សម្របសម្រួលជំរុញការផ្សព្វផ្សាយទាក់ទងនឹងវិស័យទេសចរណ៍ ដែលធ្វើឡើងដោយផ្នែកសាធារណៈនិងផ្នែកឯកជន ព្រមទាំងភារកិច្ចមួយចំនួនទៀត។
ជាមួយគ្នានេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានចេញសេចក្តីសម្រេចកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមាន លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន ដោយមានសមាសភាពពីផ្នែកសាធារណៈចំនួន ៨រូប និងតំណាងមកពីផ្នែកឯកជនចំនួន ៧រូប រួមមានទាំង អ្នកឧកញ៉ា គិត ម៉េង និងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផងដែរ៕











