អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមកម្មវិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពី​រសៀល​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បាន​អញ្ជើញ​ដឹកនាំក្រុមការងារសមាគមចូលរួមក្នុងកម្មវិធី ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមអធិបតី​ភាព​ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់​ក្រសួង​បរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពបៃតងនៅទីនេះ ជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិត​យើង​គ្រប់គ្នា។ គ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាព របស់យើងគឺមិនល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់​ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព ពោលគឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យ ទុក​សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។

សូមបញ្ជាក់ថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ រៀបចំឡើងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការ​ក្រសួងបរិស្ថាន និងមានការចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាម​ទីតាំង​ផ្ទាល់ខ្លួនផងដែរ៕