ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុចព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ក្រោមគំនិតផ្តួចផ្តើមនិងដឹកនាំការសាងសង់ដោយ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល បច្ចុប្បន្នដំណើរការចាក់បេតុងបានប្រមាណជាង ៣គីឡូម៉ែត្រហើយ។ នេះបើតាមការបង្ហាញឱ្យដឹងពីក្រុមហ៊ុន សុខាអចលនទ្រព្យ កាលពីថ្ងៃទី១០ ខែកក្កដា។

កាលចុងខែឧសភា ឆ្នាំ២០២៤ លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន សុខា អូតែល បានបញ្ជាក់ឱ្យដឹងថា ផ្លូវថ្មីនេះបានបញ្ចប់ការឈូសឆាយជាស្ថាពរ ប៉ុន្តែដំណើរការនៃការចាក់បេតុង មានភាពយឺតយ៉ាវជាងការរំពឹងទុក។ លោកបន្តថា ភាពយឺតយ៉ាវនៃការសាងសង់នេះ បណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ដែលជះឥទ្ធិពលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់ភ្នំបូកគោ តែទោះជាយ៉ាងណាក្រុមហ៊ុននៅតែបន្តជំរុញការសាងសង់ តែមិនទាន់អាចកំណត់ពេលវេលាយ៉ាងណាមួយឱ្យពិតប្រាកដបានទេ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ១៥៨+២៩១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាលពីដើមឆ្នាំ២០២២ ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញជើងចាស់ពីររូបគឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បើកការឈូសឆាយធ្វើផ្លូវថ្មីនេះឡើង ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា ជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគ និងទាក់ទាញផ្នែកទេសចរណ៍។ ផ្លូវថ្មីនេះ មានប្រវែងសរុប ៦១គីឡូម៉ែត្រ និងគ្រោងចំណាយអស់ថវិកាក្នុងរង្វង់ជាង ១៨០លានដុល្លារ៕







