អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានប្រកាសបង្កើតក្រុមការងារដើម្បីចាប់ផ្តើមបើកយុទ្ធនាការផលិតវីដេអូទ្រង់ទ្រាយធំ ផ្សព្វផ្សាយតំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជា ដល់ភ្ញៀវជាតិ និងអន្តរជាតិ ទូទាំងពិភពលោក។
អ្នកឧកញ៉ា សួរ វីរៈ បានបង្ហើបឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកនេះថា សូមចូលរួមទាំងអស់គ្នា ដើម្បីវិស័យទេសចរនៅកម្ពុជា។ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ ក្រមហ៊ុនវីរ:ប៊ុនថាំ បានបង្កើតក្រុមការងារ ដើម្បីចាប់ផ្តើមបើកយុទ្ធនាការផលិតវីដេអូ និងផ្តិតយករូបភាពនៅតំបន់ទេសចរនានា ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីជួយផ្សព្វផ្សាយនូវតំបន់ទេសចរ និងផលិតផលទេសចរថ្មីៗដល់ភ្ញៀវជាតិនិងអន្តរជាតិ រួមទាំងយុទ្ធសាស្រ្តផ្សេងៗ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរទៅកាន់ពិភពលោក។
«សូមបងប្អូនជួយណែនាំតំបន់នានា ដើម្បីអាចឱ្យក្រុមការងារយើងខ្ញុំចុះទៅផ្តិតយករូបភាព។ គ្រួសារវីរ:ប៊ុនថាំ ដើម្បីទេសចរកម្ពុជា»។ អ្នកឧកញ៉ា បានបញ្ជាក់បន្ថែម។
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ ជាក់ស្តែង កាលខែថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យកែសម្រួលការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងគោលបំណងជួយជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានចេញសេចក្តីសម្រេចកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមាន លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន ដោយមានសមាសភាពពីផ្នែកសាធារណៈចំនួន ៨រូប និងតំណាងមកពីផ្នែកឯកជនចំនួន ៧រូប។
លើសពីនេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមអមដោយ ថ្នាក់ដឹកនាំសមាជិករាជរដ្ឋាភិបាល ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា ក្រៅពីវិស័យបញ្ញើរ និងដឹកជញ្ជូន អ្នកឧកញ៉ា សួរ វីរៈ ក៏ជាអ្នកជំនួញដ៏លេចធ្លោរមួយរូប លើវិស័យទេសចរណ៍នៅកម្ពុជា។ អ្នកឧកញ៉ា មានសណ្ឋាគារ រីសត ជាច្រើនកន្លែងដូចជា Apex Koh Kong Hotel, Tube Resort, One Beach Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត ព្រមទាំងគ្រោងសម្ពោធដាក់ឱ្យដំណើរការ Sdach Chhne Resort & Resident ដែលជារីសតមានអាងទឹកវែងជាងគេនៅអាស៊ី ប្រវែងដល់ទៅ ២៥០ម៉ែត្រ នៅចុងឆ្នាំ២០២៤នេះ៕