លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៏នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

ក្នុងឱកាសចូលរួមពិធីនេះដែរ ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានផ្តល់អង្ករចំនួន ១០០តោន ជូនដល់គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
សូមជម្រាបជូនថា លោក នួន ផារ័ត្ន ត្រូវបានទទួលការតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ថ្មី ជំនួសលោក ងួន រតនៈ អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

លោក វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការផ្លាស់ប្តូរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នាពេលនេះ គឺជារឿងធម្មតា និងគ្មានអ្វីចម្លែកទេ។ លោកបានវាយតម្លៃខ្ពស់ចំពោះលោក ងួន រតនៈ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។
ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏សូមអបអរសាទរចំពោះលោក នួន ផារ័ត្ន ដែលទទួលបានការតែងតាំងថ្មី ហើយពិសេសលោកមានជំនឿយ៉ាងមុតមាំថា លោក នួន ផារ័ត្ន ដែលជាជួរយុវជនឆ្នើម និងមានសមត្ថភាពខ្ពស់មួយរូប ពិតជានឹងអាចផ្តល់នូវជីវភាពថ្មីបន្ថែមទៀត ដល់ការងារពង្រឹងគណបក្សនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាការងារអភិវឌ្ឍខេត្ត ការលើកកម្ពស់ជីវភាពប្រជាជន និងការដោះស្រាយបញ្ហាសង្គមនានា ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ។

គួររំឭកថា កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង ឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា បាននាំយកនូវអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសជិកសមាជិកា ដែលអញ្ជើញចូលរួមផងដែរ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ១៤០.០០០.០០០ រៀល៕