អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស យល់ឃើញថា ការកសាងកំណើនសេដ្ឋកិច្ចជាតិ សីលធម៌សង្គម ការផ្លាស់ប្តូរផ្នត់គំនិត និងការកសាងកេរ្តិ៍ឈ្មោះប្រទេស គួរតែចាប់ផ្តើមគិតគូរពីការបណ្តុះបណ្តាលធនធានមនុស្ស ចាប់ពីពេលនេះតទៅ។

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ បានអញ្ជើញចុះទៅធ្វើកិច្ចការងារសប្បុរសធម៌ នៅសាលាបឋមសិក្សាមួយកន្លែង ហើយពេលនោះមានកុមារ៉ាកុមារីសិស្សសាលាតូចៗមួយក្រុម បានសំពះស្នើសុំអគារសាលារៀនថ្មី ពីរូបលោក។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះរូបថតភ្ជាប់ជាមួយនឹងខ្លឹមសារដូច្នេះថា៖ “កុំច្រលំថាជនជាតិជប៉ុនអី គឺខ្ញុំទេ អំឡុងពេលដែលពួកគាត់ស្នើសុំអគារសាលារៀនថ្មី។ ពួកគាត់ពិតជាឆ្លាត និងក្លាហានជាងអ្វីដែលខ្ញុំគិតដល់ទៅទៀត។ សម្រាប់ខ្ញុំការកសាងកំណើនសេដ្ធកិច្ចជាតិ ការកែប្រែសីលធម៌សង្គម ការផ្លាស់ប្តូរផ្នត់គំនិត ការកសាងកេរ្តិ៍ឈ្មោះប្រទេស យើងទាំងអស់គ្នាគួរចាប់ផ្តើមគិតគូរដល់ការបណ្តុះធនធានមនុស្សពីឥឡូវនេះ”។ គ្រួសារវីរ:ប៊ុនថាំ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា”។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទផ្លូវអាកាស SeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕