លោកស្រី ឆេង ស្រីរ័ត្ន ដែលមហាជនភាគច្រើនហៅថា មាំមី Love Riya បានបង្ហោះសារសូមក្រាបថ្វាយបង្គំសម្តែងនូវសេចក្តីអំណរអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាក្សត្រ ដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់ខ្លួនជា «ឧកញ៉ា»។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារ លោកស្រី ឆេង ស្រីរ័ត្ន ជា «ឧកញ៉ា» កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បន្ទាប់ពីទទួលបានគោរមងារដ៏ឧត្តុងឧត្តមនេះ កាលពីពេលថ្មីៗនេះ លោកស្រី ឆេង ស្រីរ័ត្ន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ “ទូលព្រះបង្គំនាងខ្ញុំ ឆេង ស្រីរ័ត្ន សូមក្រាបថ្វាយបង្គំសម្តែងនូវសេចក្តីអំណរអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់ផ្តល់គោរមងារដល់ទូលព្រះបង្គំនាងខ្ញុំ ជា «ឧកញ៉ា» ។ នាងខ្ញុំសូមគោរពអរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសាច់ញាតិបងប្អូន មិត្តភក្តិ ដែលបានផ្ញើសារ ចូលរួមអបអរសាទរនាងខ្ញុំ”។
សូមជម្រាបថា លោកស្រី ឆេង ស្រីរ័ត្ន ជាសហគ្រិនស្ត្រី ដ៏លេចធ្លោរមួយរូប ក្នុងវិស័យលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ដែលកំពុងរួមចំណែកផ្ដល់ការងារជាច្រើនកន្លែងជូនបុគ្គលិក ហើយលោកស្រីឧកញ៉ា ក៏ជាអ្នកជំនួញចូលចិត្តធ្វើបុណ្យ ចែកទាន ជួយអ្នកខ្វះខាតជីវភាព ចាស់ជរា និងចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងសកម្មក្នុងសង្គមផងដែរ៕

