ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប (Sokimex Investment Group) បានទទួលស្វាគមន៍ ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស អគ្គនាយកក្រុមហ៊ុន Royal Future International Cambodia ដើម្បីពិភាក្សាអំពីឱកាសវិនិយោគលើគម្រោងធំៗមួយចំនួន នៅលើភ្នំបូកគោ។

តាមការបង្ហាញលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះ បានឱ្យដឹងថា លោកឧកញ៉ា សាយ សុភ័ត្រា រីករាយក្នុងកិច្ចពិភាក្សាពីឱកាសអភិវឌ្ឍន៍ក្នុងតំបន់ភ្នំបូកគោ ខណៈដែលក្រុមហ៊ុនតែងតែប្តេជ្ញាចិត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់បូកគោ។
កិច្ចពិភាក្សាខាងលើនេះ បានបង្ហាញពីគម្រោងដ៏មានសក្តានុពលធំៗដូចជា មជ្ឈមណ្ឌលទេសចរណ៍ និងភូមិសួនកម្សាន្តដ៏ធំ ដែលនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក (World Class Destination) ជួយទាក់ទាញអ្នកវិនិយោគ ជំរុញវិស័យទេសចរណ៍ និងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាជនរស់នៅក្នុងសហគមន៍មូលដ្ឋាន។
ភ្នំបូកគោជាតំបន់ទេសចរណ៍ដ៏ល្អពិសេសមួយនៅខេត្តកំពត មានចំងាយប្រមាណ ១៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កំពុងអភិវឌ្ឍដោយក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប ដូចជា៖ ១.តំបន់ប្រវត្តិសាស្រ្ត, ២.កន្លែងលម្ហែដែលមានខ្យល់អាកាសល្អ ហើយអាចជួយព្យាបាលសុខភាពបាន, ៣.ប្រព័ន្ធផ្លូវខ្វាត់ខ្វែង និងទី៤.ទេសចរណ៍សាសនា។ បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងអភិវឌ្ឍគម្រោងកសាងតំបន់ព្រះពុទ្ធបដិមា ដែលមានកម្ពស់១០៨ម៉ែត្រ ជាព្រះពុទ្ធបដិមាមានកម្ពស់ខ្ពស់ជាងគេនៅអាស៊ីផងដែរ។
សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មកទល់បច្ចុប្បន្នលោកបានចំណាយទុនវិនិយោគអស់ប្រមាណ ៨០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍនៅលើកំពូលភ្នំបូកគោ ប៉ុន្តែប្រាក់ដែលបានចំណាយទាំងនោះ នៅមិនទាន់ទទួលបានផលចំណេញមកវិញនៅឡើយទេ។ យ៉ាងណាក្តី គម្រោងវិនិយោគជាច្រើន ដែលក្រុមហ៊ុនបានកំពុងអភិវឌ្ឍនេះ គឺដើម្បីអភិវឌ្ឍភ្នំបូកគោ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏សម្បូរបែប៕




