អ្នកឧកញ៉ា ម៉ៅ ចំណាន ទូលថ្វាយព្រះមហាក្សត្រអំពីវឌ្ឍភាពធំៗ ៤ចំណុច របស់សមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បាន​ដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគម ចូលក្រាបបង្គុំគាល់ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ​នាឱកាសដ៏ថ្លៃថ្លានោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ​ បានក្រាបបង្គុំទូល​ថ្វាយ​ព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីដំណើរការប្រព្រឹត្តទៅ​របស់សមាគម​សិល្បករខ្មែរ​រួមមាន៖ ប្រវត្តិនៃការកកើត គោលបំណងរបស់សមាគម ក៏ដូចជាសមិទ្ធផលមួយចំនួនសម្រេចបាន នាពេលកន្លងមកនៅក្នុងអាណត្តិនីមួយៗ។

ជាមួយគ្នានោះ អ្នកឧកញ៉ា បានទូលថ្វាយព្រះមហាក្សត្រអំពីវឌ្ឍភាពថ្មីៗ​ចំនួន ៤ចំណុច របស់សមាគម​សិល្បករ​ខ្មែរ ដែលសម្រេចបានជាបន្តបន្ទាប់ ក្រោយពីការឡើងកាន់តំណែងជាប្រធានសមាគម របស់អ្នកឧកញ៉ា រួមមាន៖ ១.បង្កើតក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់ សមាគមសិល្បករ​ខ្មែរ ប្រកបដោយថាមភាព។ ២.រៀបចំទីស្នាក់ការកណ្តាលរបស់សមាគមសិល្បករខ្មែរឱ្យបានសមរម្យ និងថ្លៃថ្នូរ​បំផុត។ ៣.រៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរលើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតី ភាពដ៏ខ្ពង់​ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី មហាបវរធិបតី ហ៊ុន ម៉ាណែត។ ៤.ដឹកនាំសិល្បករសិល្បការិនី ចូលរួមការងារ​សង្គមដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹងជំងឺអេដស៍ ដោយ​ សហការរៀបចំការប្រគំ​តន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ជាដើម។

លើសពីនេះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជា ច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករ​ចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់ សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ ជាក់ស្ដែងដូចជាពិធីបុណ្យសព លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅខេត្តកំពតជាដើម។

អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ជាប់ឆ្នោត​ជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ ​​កាលពី​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលនឹងដឹកនាំសមាគម ​ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩។

គួរបញ្ជាក់ផងដែរថា ក្រោយ​ឡើង​កាន់តួនាទី​ជាប្រធាន​សមាគម​ថ្មី អ្នកឧកញ៉ា អគ្គនាយករងក្រុមហ៊ុន រ៉ូយាល់គ្រុប រូបនេះ បានដឹកនាំ​សមាជិក សមាជិកា សមាគម ចូលជួប​សម្តែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ​ជា​បន្ត​បន្ទាប់។ ជាក់ស្តែង អ្នកឧកញ៉ា បានដឹកនាំ​គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ព្រម​ទាំង​​បាន​ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ផងដែរ៕