សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប និងកូនស្រីច្បង ឧកញ៉ា សុខ ចន្ថា ចូលជួបសម្តែងការគួរសម នៅការិយាល័យផ្ទាល់របស់សម្តេច។
លោកជំទាវឧកញ៉ា សុខ ចន្ថា ដែលជាកូនទី៤ និងជាកូនស្រីច្បងគេរបស់អ្នកឧកញ៉ា សុខ គង់ បានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៩ ខែកក្កដានេះ ចំនួន ៣សន្លឹក ក្នុងឱកាសអមដំណើរឪពុក ចូលជួបសម្តែងការគួរសមដោយផ្ទាល់ជាមួយសម្តេចតេជោ។ លោកជំទាវឧកញ៉ា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហោះរូបភាពភ្ជាប់ជាមួយសារខ្លីជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖ “ដោយកិត្តិយសបំផុត និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត”។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ជាសេដ្ឋីមួយរូបនៅកម្ពុជា កំពុងវិនិយោគលើមុខជំនួញពហុវិស័យ។ អ្នកឧកញ៉ា បានបង្កើតស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ចាប់តាំងពីឆ្នាំ១៩៩០, បង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ សុខា អូតែល & រីសត នៅឆ្នាំ២០០៤ ហើយមកដល់បច្ចុប្បន្នមាន ៧កន្លែង នៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងកំពត។ បន្ថែមពីនោះ អ្នកឧកញ៉ា មានមុខជំនួញជាច្រើនទៀតដូចជា សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាងកាហ្វេ សុខា, ទឹកពិសាឋានសួគ៌បូកគោ និងកាស៊ីណូ Sokha Vegas ជាដើម៕