អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំកិច្ចប្រជុំរៀបចំផែនការ រួមចំណែកជួយកិច្ចការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀល​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំ​គណៈប្រតិបត្តិ និងសមាជិកនៃសមាគម ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាល​ ដើម្បីពិភាក្សាលើការរៀបចំ​កិច្ចការផ្ទៃក្នុង​មួយចំនួនដែលនៅសេសសល់ និងរៀបចំនូវសេចក្ដីព្រាងផែនការសកម្មភាព​របស់សមាគម​រយៈពេល ៦ខែចុងឆ្នាំ២០២៤។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសមាគមសិល្បករខ្មែរ បាន​ឱ្យដឹងថា កិច្ចប្រជុំរៀបចំផែនការសកម្មភាពនេះ គឺដើម្បីចូលរួមចំណែកជួយ​ដល់​កិច្ចការផ្សព្វផ្សាយវប្បធម៌ និងផ្សព្វផ្សាយ​ពីទេសចរណ៍នៅកម្ពុជា ឆ្លើយតបតាមអនុសាសសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវមោទនភាព ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសមាគមទាំអស់ ដែលលះបង់កម្លាំកាយចិត្ត ពេលវេលា ចូលរួមដឹកនាំ និងអនុវត្តតតួនាទី​ភារកិច្ច​ផ្សេងៗ​របស់សមាគមរហូតមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបុព្វហេតុវិស័យសិល្បៈវប្បធម៌ ក៏ដូចជាសកម្មភាពសប្បរសធម៌នានា។

តាមរយៈផែនការសកម្មភាពដែលកំពុងពិភាក្សានាពេលនេះ នឹងក្លាយជាផែនទីចង្អុលផ្លូវ សម្រាប់សមាគម​សិល្បករខ្មែរ​ប្រតិបត្តិតាមប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពលើការចូលរួមជួយ​ដល់សង្គមជាតិ​តាមរយៈ​វិស័យវប្បធម៌ និងទេសចរណ៍ ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង និងជាការនាំចេញ​នៅនឹង​កន្លែងនោះ។

អ្នកឧកញ៉ាប្រធានសមាគម បានប្រកាសជំហរចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាល ដើម្បីធ្វើយ៉ាងណា​ឱ្យផែនការ​សកម្មភាពនេះ​ត្រូវបានអនុវត្តជាសកម្មភាពពិតប្រាកដក្នុងពេលឆាប់ៗ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាលផង និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមចូលរួមក្នុងកិច្ចការជួយសង្គមជាតិផងដែរ។

គួរបញ្ជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគមសិល្បករខ្មែរ បានដាក់ចេញផែនការសកម្មភាព​អាទិភាព​ចំនួន ៥ចំណុច សម្រាប់អាណត្តិទី៦នេះ។ ក្នុងចំណោមផែនការសកម្មភាពទាំង៥ គឺមានផែនការសកម្មភាពមួយ​លើក​ឡើង​អំពីការជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុង​គោលបំណងផ្តល់ឱកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយ​រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និងទេសចរណ៍៕