អ្នកឧកញ៉ា សួរ វីរៈ លើកឡើងមតិផ្ទាល់ខ្លួន៧ចំណុច ទាក់ទាញភ្ញៀវទេសចរអន្ដរជាតិមកទស្សនាប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

ឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំ លើវិស័យទេសចរណ៍ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស លើកឡើងមតិផ្ទាល់ខ្លួនចំនួន៧ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិមកទស្សនាប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើង«ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា និងជាអ្នកវិនិយោគលើវិស័យទេសចរណ៍អស់រយ:ពេលជាង២០ឆ្នាំ, ខ្ញុំសូមចូលរួមមតិខ្លះៗដែលជាបទពិសោធន៍ធ្លាប់មាន ហើយគិតថានិងអាចជាប្រយោជន៍ជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាប្រទេសកម្ពុជា។»

អ្នកឧកញ៉ា បង្ហាញថា ដើម្បីទាក់ទាញទេសចរអន្ដរជាតិ មកទស្សនាប្រទេសកម្ពុជា គឺយើងគួរតែ៖ ១, តភ្ជាប់ការហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយ:ការលើកទឹកចិត្តពីរាជរដ្ផាភិបាលចំពោះក្រុមហ៊ុនហោះហើរនានា។ ២,ផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាបន្ថែមទៅទីផ្សារអន្តរជាតិលើបណ្តាញផ្សព្វផ្សាយនានា។ ៣, ការលើកលែងទិដ្ឋាការវីសាក្នុងរយ:ពេលកំណត់ណាមួយ ឬការផ្តល់ជាQR code នៅតាមស្ថានីយន៍មកដល់របស់អ្នកដំណើរ ដែលភ្ញៀវទេសចរអាចស្នើរសុំវីសាពេលមកដល់ដោយខ្លួនឯង ជៀសវាងការចំណាយពេល និងចំណាយថវិកាលើស។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ចំណុចទី៤ គឺ រាជរដ្ឋាភិបាលគួរមានកញ្ចប់ថវិកាក្នុងការជួយអភិវឌ្ឍន៍បន្ថែមតំបន់ទេសចរណ៍សំខាន់នានាទូទាំងប្រទេសដើម្បីទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ។ ចំណុចទី៥ ផ្តល់ការលើកទឹកចិត្តចំពោះវិស័យឯកជនក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍តាមការរយ:ការបន្ថូរបន្ថយពន្ធនានា និងនិតិវិធីក្នុងការស្នើរសុំ។ ៦, ជួយសម្របសម្រួលក្នុងការផ្តល់ឥណទានដល់អ្នកវិនិយោគលើវិស័យទេសចរណ៍។ និងចំណុចទី៧ គួរជួយកាត់បន្ថយពន្ធនាំចូលប្រភេទរថយន្តនានាដែលជាមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ ដែលអាចឱ្យវិស័យឯកជនអាចឈានដល់មធ្យោយបាយដឹកជញ្ជួនទំនើបទាន់សម័យ ប្រកបដោយសុវត្ថភាព។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា បន្ថែមលើចំណុចដែលលើកឡើងខាងលើ អ្នកឧកញ៉ាបានបកស្រាយលម្អិតតាមរយៈការផ្ដល់បទសម្ភាសន៍តាមបណ្ដាញព័ត៌មាន ជាក់ស្ដែងកន្លងមក អ្នកឧកញ៉ាបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរនៅក្នុងប្រទេសកម្ពុជា តាមរយៈCNN។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទផ្លូវអាកាស SeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕