អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំពេញអង្គលើកដំបូងនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នក្រសួងពាក់ព័ន្ធ និងតំណាងវិស័យឯកជននានាដូចជា សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមនៃវិស័យទេសចរណ៍ សមាគមសណ្ឋាគារ តំណាងក្រុមហ៊ុនព្រលានយន្តហោះ ក្រុមហ៊ុន អ៊ែរអេស៊ា ក្រុមហ៊ុន អង្គរអ៊ែរ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក.ផ.ផ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ នៅសណ្ឋាគារ Rosewood។
តាមរយៈសេចក្តីសម្រេចលេខ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងសមាសភាពរបស់ ក.ផ.ផ. ដោយមានការចូលរួមជាសមាជិកពីតំណាងផ្នែករដ្ឋចំនួន ៧ក្រសួង/ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជនចំនួន ៧ស្ថាប័នផងដែរ និងមានតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកលលោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធានាឱ្យបាននូវនិរន្តរភាព បរិយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។
សូមជម្រាបថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានតួនាទីដូចជា៖ ១.សិក្សាទីផ្សារនិងផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ, ២.ចូលរួមប្រឹក្សាយោបល់លើការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍កម្ពុជា និងចូលរួមអនុវត្តផែនការ, ៣.ពង្រឹងការចូលរួមគាំទ្រពីប្រភពនានា ពិសេសពីផ្នែកឯកជនលើការងារផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស, ៤.ចូលរួមប្រឹក្សារៀបចំផែនការសកម្មភាពអនុវត្តយុទ្ធសាស្ត្រទីផ្សារទេសចរណ៍កម្ពុជា, ៥.សម្របសម្រួលការផ្សព្វផ្សាយទាក់ទងនឹងវិស័យទេសចរណ៍ដែលធ្វើឡើងដោយផ្នែកឯកជននិងផ្នែកសាធារណៈ និង ៦.អនុវត្តសកម្មភាពផ្សេងៗតាមការចាំបាច់ ដើម្បីបំពេញរាល់តួនាទីនិងភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕