លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បេសកជនពិសេសសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់បុគ្គលិក-កម្មករចំនួន ១,៥០០នាក់ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

បើតាមក្រុមហ៊ុន ទ្រី ភាព គ្រុប បានឲ្យដឹងថា ស្ថិតនៅលើផ្ទៃដីរួមប្រមាណ ៥,៨៤០ ហិកតា លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានកោតសរសើរដល់បុគ្គលិកកម្មករទាំងអស់ចំពោះការខិតខំ ឧស្សាហ៍ព្យាយាមបំពេញការងារតាមផែនការរបស់ក្រុមហ៊ុន ហើយបានរំលឹកណែនាំឱ្យយកចិត្តទុកដាក់ថែទាំសុខភាព សុវត្ថិភាព នៅក្នុងចំការស៊ូ និងនៅពេលធ្វើការនៅក្នុងរោងចក្រកែច្នៃជ័រកៅស៊ូ។
លោកទាំងពីរក៏បានលើកឡើងថា ក្រុមហ៊ុនបានផ្តល់កន្លែងស្នាក់នៅ បណ្ដាញទឹកភ្លើង បានសាងសង់ទីផ្សារ អាហារដ្ឋានសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការលក់ដូរ ជាពិសេសក៏បានរៀបចំសាលារៀនសម្រាប់កូនៗរបស់បុគ្គលិកកម្មករទាំងអស់ ហេតុនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនាម័យផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា ក្នុងបរិយាកាសដ៏ស្និទស្នាលនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានចុះពិនិត្យមើលសកម្មភាពការងារក្នុងចំការ រោងចក្រកែច្នៃជ័រកៅស៊ូ ហេដ្ឋារចនាសម្ព័ន្ធ បានថតរូបជាអនុស្សាវីយ៍ប្រកបដោយសេចក្ដីស្រលាញ់រាប់អាន និងផ្ដល់ជូនបុគ្គលកម្មករទាំង ១,៥០០ នូវសារុង១ និងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕





