អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកអនុប្រធាន សមាជិក សមាជិកា លោកប្រធាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្ត,សមាគមសហគ្រិនឈានមុខខេត្ត,សមាគមសណ្ឋាគារខេត្ត និងម្ចាស់អាជីវកម្ម សរុបចំនួន១០២នាក់ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សរុបចំនួន ១០២នាក់ បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយស្ដីអំពី “ការចងក្រងបញ្ហាប្រឈម និងប្រមូលផ្ដុំគំនិតច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍អាជីវកម្ម” នៅសាលប្រជុំសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្នុងផ្សារទំនើបភួ ពុយ ជាន់ផ្ទាល់ដី ។

អ្នកឧកញ៉ា ភួ វាសនា បានបញ្ជាក់ថា ក្នុងនាមជា ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តបាត់ដំបង អ្នកឧកញ៉ា រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនម្ចាស់អាជីវកម្ម បានបន្តសហការគ្នាយ៉ាងស្អិតរមួត លើការចែករំលែកពីបញ្ហាប្រឈម និងប្រមូលធាតុចូលជាច្រើន ដាក់លើតុជជែកដេញដោល រហូតឈានទៅរកដំណោះស្រាយអាជីវកម្ម ដែលជាក្ដីកង្វល់របស់បងពួកគាត់ ដើម្បីរកច្រកចេញរួមដ៏ល្អប្រសើរ។ អ្នកឧកញ៉ា បន្ថែមថា គោលបំណងក្នុងកម្មវិធីសិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖
ទី១ កសាង និងពង្រឹងបណ្តាញអាជីវ កម្ម និងតំណាងវិស័យឯកជនក្នុងខេត្តបាត់ដំបង
ទី២ កំណត់ពីបញ្ហាប្រឈមទាំងឡាយក្នុងផ្នែកនីមួយៗដែល បានជួបប្រទះនាពេលកន្លងមក
ទី៣ រៀបចំអ្នកចូលរួមនៅក្នុងកម្មវិធីវេទិកាសាធារណៈរវាងរដ្ឋបាលខេត្ត ជួបផ្ទាល់ជាមួយវិស័យឯកជន។
ជាលទ្ធផលនៃកិច្ចពិភាក្សាដ៏ម៉ត់ចត់អស់រយៈពេលមួយព្រឹក អ្នកចូលរួម សិក្ខាសាលាទាំងអស់បានមូលមតិគ្នា បែងចែងបញ្ហាជាបួនផ្នែកធំៗ គឺផ្នែកពាណិជ្ជកម្ម,ឧស្សាហកម្ម-សិប្បកម្ម,សេវាកម្ម និងកសិកម្ម។ ឆ្លើយតបនឹងបញ្ហាប្រឈមដែលជាក្ដីកង្វល់រួម និងជាអាទិភាពត្រូវដោះស្រាយបំពោះមុខឱ្យបានទាន់ពេលវេលា ស្មារតីរួមនៃសិក្ខាសាលាស្ដីអំពី “ការចងក្រងបញ្ហាប្រឈម និងប្រមូលផ្ដុំគំនិតច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍អាជីវកម្ម” នេះ នឹងបន្តបញ្ជូនបញ្ហាប្រឈមពាក់ព័ន្ធទាំងអស់ ឡើងទៅដល់មន្ទីរពាក់ព័ន្ធ ដេីម្បីដោះស្រាយជូនដល់ម្ចាស់អាជីវកម្មនាពេលខាងមុខ។
គួររំឮកឱ្យដឹងថា អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឈរឈ្មោះបោះឆ្នោត ជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ ជាលើកទី២ កាលពីថ្ងៃ ពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។ ក្នុងអាណត្តិ និងតួនាទី ជាអ្នកដឹកនាំសភាពាណិជ្ជកម្មក្នុងមូលដ្ឋានខេត្តរបស់ខ្លួន អ្នកឧកញ៉ា វ័យក្មេង និងជាអ្នកជំនួញ ការទូតដ៏បុិនប្រសព្វ ពោរពេញដោយសក្ដានុពល ប្រចាំខេត្តបាត់ដំបងរូបនេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធ បញ្ចេញសកម្មភាពជួយជំរុញ ការងារសភាពាណិជ្ជកម្មខេត្តឱ្យចេញជាផ្លែផ្កា ដូចភ្លៀងរលឹម។ ការស្វែងរកបញ្ហាប្រឈម ការកសាងបណ្ដាញសហគ្រិន ក្នុងខេត្តបាត់ដំង ជាមួយអ្នកវិនិយោគពីប្រទេសជិតខាង ជាពិសេសការផ្សព្វផ្សាយពីកាលានុវឌ្ឍភាពអាជីវកម្មលើវិស័យជាច្រើនក្នុងខេត្តបាត់ដំបង ឱ្យកាន់តែទូលំទូលាយ បានក្លាយជាបេសកកម្មដឹកនាំអាទិភាព របស់អ្នកឧកញ៉ា ភួ វាសនា។
តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនេះ ពីសំណាក់អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មបាត់ដំបងរូបនេះ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសម្ចាស់អាជីកម្ម និងម្ចាស់សហគ្រាសនានា ទូទាំងខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា រនាំងអាជីវកម្មដែលកំពុងកើតមានទាំងប៉ុន្មាន នឹងត្រូវបានបន្តយកចិត្តទុកដាក់ដោះស្រាយជាបន្តបន្ទាប់ប្រកបដោយលទ្ធផលជាវិជ្ជមាន ជាក់ជាមិនខាន៕


















