លោកអ្នកឧកញ៉ា ចំនួន៤រូប បានអញ្ជើញចូលរួមពិធីស្វាគមន៍ការចូលកាន់តំណែងរបស់ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មី នៃសាធារដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ពិធីស្វាគមន៍ការចូលកាន់តំណែងរបស់ លោក វ៉ាង វិនពិន និងពិសាអាហារពេលល្ងាច រៀបចំឡើងដោយសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា។ នៅក្នុងពិធីនេះផងដែរ មានការចូលរួមពី សមាគម និងអ្នកវិនិយោគ កម្ពុជា-ចិន ជាច្រើនរូប។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា ភាព ហៀក និងលោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ព្រមទាំងមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជារៀបចំការអបអរសាទរ ខួបអនុស្សាវរីយ៍លើកកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ចិន-កម្ពុជា) និងការអបអរសាទរ ការចូលកាន់តំណែងរបស់លោក ជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ាង វិនពីន បានលើកឡើងថា មេដឹកនាំរបស់ចិនតែងតែចាត់ទុកសុខទុក្ខរបស់ប្រទេសកម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា ហើយប្រទេសទាំងពីរមានភាពជិតស្និទដូចគ្រួសារតែមួយ និងតែងតែជួយគ្នាទៅវិញទៅមក។
សូមជម្រាបថា លោក វ៉ាង វិនពីន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីលោកវ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕






