លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ ស្ថាបនិកសាលាអន្ដរជាតិ ធី អាយ អេ (TIA International School) និងជាសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា បានប្រកាសអំពីការផ្ដល់អាហារូបករណ៍រហូតដល់៥០% ដែលមិនធ្លាប់មានពីមុនមក សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

ដើម្បីទទួលបាននូវអាហារូបករណ៍នេះ សិស្សានុសិស្សទាំងអស់អាចទៅចុះឈ្មោះដាក់ពាក្យប្រឡង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅសាលាអន្ដរជាតិ ធី អាយ អេ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅ ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ។
លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ បានថ្លែងថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ដល់សិស្សានុសិស្សនូវឱកាសទទួលបានការសិក្សាដ៏ល្អតាមស្តង់ដារអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពក្នុងការក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិនាពេលអនាគត។

សូមជម្រាបថា សាលាអន្ដរជាតិ ធី អាយ អេ បានបង្កើតឡើងនៅឆ្នាំ២០១៥ ស្ថិតនៅតំបន់បឹងកេងកង បន្ទាប់ពីមានការគាំទ្រខ្ពស់ពីអាណាព្យាបាលរបស់សិស្សានុសិស្ស សាលាលំដាប់អន្ដរជាតិនេះ បានសម្រេចបើកសាខាថ្មី លើផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងធំទូលាយ និងផាសុកភាពខ្ពស់ជាមួយនឹងបរិយាកាសបរិសុទ្ធនៅជុំវិញសាលាដែលល្អបំផុតសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សនៅកម្រិតមត្តេយ្យសិក្សា៕
