អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធភាពយន្តរឿង”ប្រវត្តិស្នេហ៍នាងនាថ” របស់ផលិតកម្ម LD ដែលប្រារព្ធឡើងយ៉ាងអធិកអធមនៅបរិវេណផ្សារទំនើប K Mall ផ្លូវវេងស្រេង។

ថ្លែងនៅក្នុងពិធីនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ផលិតកម្មក្រោមការដឹកនាំរបស់លោក លៀក លីដា ដែលរយៈពេលជាង១០ឆ្នាំមកនេះ បានផលិតភាពយន្តជាច្រើនប្រកបដោយគុណភាពសម្រាប់បម្រើការកម្សាន្តដល់ទស្សនិកជនទូទៅ។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិកម្មក៏បានសម្រិតសម្រាំងភាពយន្ត រហូតមានការទទួលស្គាល់គុណភាពកាន់តែខ្លាំងឡើង ហើយថែមទាំងអាចនាំយកភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅលើទីផ្សាររោងភាពយន្តអន្តរជាតិជាច្រើនផងដែរ។
ម្យ៉ាងទៀត សមាគមមើលឃើញថា ផលិតកម្មបានខ្នះខ្នែងកៀរគរឱ្យមានការចូលរួមវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ហើយក៏បានបើកចំហរឱកាសដល់តារាសម្ដែងបរទេសបានចូលរួមសម្ដែងភាពយន្តរបស់កម្ពុជាផងដែរ។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមជឿជាក់យ៉ាងមុតមាំថា ផលិតកម្មភាពយន្តនានានៅក្នុងប្រទេសកម្ពុជា នឹងបន្តផលិតភាពយន្តប្រកបដោយគុណភាពជាច្រើនទៀត ដើម្បីពង្រីកចំណែកទីផ្សារភាពយន្តក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុក ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលវប្បធម៌ និងទេសចរណ៍របស់ជាតិ តាមរយៈការរួមបញ្ចូលនូវទម្រង់ទស្សនីយភាពសិល្បៈនានា ក៏ដូចជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបទៅក្នុងឈុតឆាកនៃភាពយន្តទាំងនោះ។
ក្នុងនោះនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ាចូលរួមគាំទ្រពេញទំហឹងចំពោះរាល់សកម្មភាពនានាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលដៅនាំមកនូវការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងវិស័យទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានអំពាវនាវដល់ទស្សនិកជនទូទៅចូលរួមគាំទ្រផលិតផលភាពយន្តក្នុងស្រុក ដើម្បីជាការចូលរួមលើកកម្ពស់វិស័យភាពយន្តជាតិ៕






