ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានទី១ ក្រុម “ឆ” តំណាងផ្នែកឯកជន បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រុមការងារ «ឆ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។
បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម និងជាសហប្រធានក្រុម «ឆ» និងឧកញ៉ាៗ លោក លោកស្រី ជាសមាជិកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជនដែលនៅសេសសល់ ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមលើផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
បន្ថែមពីនោះ កិច្ចប្រជុំខាងលើក៏បានពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ក្រុម «ឆ» ស្របតាមភារកិច្ចដែលត្រូវបានប្រគល់ជូនដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ «សេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣» ព្រមទាំងដើម្បីស្តាប់នូវមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនាពេលថ្មីៗរបស់វិស័យឯកជនផងដែរ សំដៅដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងឱ្យបានទាន់ពេលវេលា៕