អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និងកូនស្រីរបស់អ្នកឧកញ៉ា គឺឧកញ៉ា សុខ ចន្ធី អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូសូធ្យស្តាំ វត្តនិគ្រោធវ័ន គល់ទទឹង រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីតេឡេក្រាមផ្លូវការ ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រលើភ្នំបូកគោ។

ការចូលក្រាបថ្វាយបង្គំព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព នៅវត្ដគល់ទទឹង របស់អ្នកឧកញ៉ា សុខ គង់ និងកូនស្រី នាពេលនេះ គឺធ្វើឡើងក្រោយពេលដែលព្រះអង្គគ្រូ គូ សុភាព បាននិមន្ដទៅទតការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ នៅលើភ្នំបូកគោ កាលពីថ្ងៃម្សិលមិញ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព បាននិមន្តទតការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ នៅលើភ្នំបូកគោ ដោយមានការទទួលបដិសណ្ឋារកិច្ច ដោយឧកញ៉ា សុខ ចន្ធី និងសហការី៕




