ឧកញ៉ា កែវ មុំ នាំយកទេយ្យទាន ប្រគេនព្រះសង្ឃវត្ដភ្នៀតសិម្ពលី ក្នុងរដូវចូលព្រះវស្សា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូលអិលធីឌី និងជាសមាជិក សមាគមពុទ្ធិក:កម្ពុជរដ្ឋ ទទួលបន្ទុកទំនាក់ទំនងបរទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសិរីកុសលសុំ សុខា ចៅអធិការវត្តភ្នៀតសិម្ពលី ស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីឧកញ៉ា កែវ មុំ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កែវ មុំ បានឱ្យដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលបាននាំយកទៅប្រគេនព្រះសង្ឃនៅវត្តភ្នៀតសិម្ពលី មានដូចជា នំស្រួយលីលី អង្ករ ប្រេងឆា ទៀនធូប តែស្ករ បច្ច័យ និងអំពូលសូឡាចំនួន ៥ មកជំនួសទានព្រះវស្សា។

ឧកញ៉ា កែវ មុំ បានលើកឡើងថា ការនាំយកអំពូលសូឡាមកប្រគេនព្រះសង្ឃក្នុងរដូវចូលព្រះវស្សាជំនួសទានព្រះវស្សានេះ ក៏ព្រោះតែលោកជំទាវឧកញ៉ា យល់ថា ប្រសិនបើប្រគេនទៀនគឺប្រើបានរយៈពេលខ្លី ហើយពន្លឺភ្លឺបានតិច នឹងអាចជួបហានិភ័យទៀតផង តែបើយើងប្រគេនអំពូលសូឡាគឺអាចប្រើប្រាស់បានជាច្រើនឆ្នាំ រីឯពន្លឺអាចបំភ្លឺបាននៅពេលរាត្រី ភ្លឺបានទំហំធំព្រមទាំងសុវត្ថិភាពទៀតផង។

ជាមួយនឹងការនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃនេះ ឧកញ៉ា កែវ មុំ ក៏បានជូនបុណ្យកុសលដល់ ពុកម៉ែ អ៊ំពូមីងបងប្អូន កូនៗ និងក្មួយៗ ចៅៗទាំងអស់ សូមឱ្យបានចំណែកបុណ្យស្មើៗគ្នានិងជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លានឡើយ។

សូមជម្រាបជូនថា ពិធីបុណ្យចូលព្រះវស្សា តែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ហើយប្រជាពុទ្ធបរិស័ទខ្មែរដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនាតែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈពេលប្រមាណជា៣ខែនេះ សម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រ៕