ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានទិញទូរថភ្លើងសម្រាប់ដឹកទំនិញថ្មី ចំនួន ២៥គ្រឿងបន្ថែមទៀត ពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញឱ្យកាន់តែល្អជាងមុន។
តាមការបង្ហាញឱ្យដឹងពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានឱ្យដឹងថា ទូរថភ្លើងទាំងនេះបានមកដល់កម្ពុជាដោយជោគជ័យ នៅរសៀល ថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុន បានបន្តថាជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាដៃគូសហការ និងកិច្ចសហប្រតិបត្តិការដែលតែងតែជឿជាក់គាំទ្រសេវាកម្មរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មឱ្យកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ខេមបូឌា បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនដឹកអ្នកដំណើរចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ម៉ាក Kiha 182 Heavy Snow ដែលត្រូវបានគេដឹងថា អាចរត់បានល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចុប្បន្ន ទូរថភ្លើងល្បឿនលឿនទាំងនេះ កំពុងធ្វើតេស្តបើកបរសាកល្បងប្រកបដោយជោគជ័យ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការ ក្នុងពេលឆាប់ៗផងដែរ៕