ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ លោកអ្នកឧកញ៉ា លី ហួរ ប្រកាសផ្លាស់ប្តូរឈ្មោះថ្មី

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Ly Hour Insurance Plc. ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ដែលមាន​លោក​អ្នកឧកញ៉ា លី ហួរ ជា​ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ​បាន​ប្រកាស​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​ ទៅជា «ក្រុមហ៊ុន​ Ly Hour SBI Insurance Plc.»។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់ក្រុមហ៊ុន កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹង​របស់ក្រុមហ៊ុន កាលពី​ម្សិលមិញ បាន​បញ្ជាក់​ថា ក្រុមហ៊ុន Ly Hour Insurance Plc. ជាក្រុមហ៊ុនមួយដែលមានកេរិ៍្តឈ្មោះក្នុងវិស័យធានារ៉ាប់រង សូមប្រកាសជាឱឡារិកពីការផ្លាស់ប្តូរនាមករណ៍ថ្មី​ទៅជា ក្រុមហ៊ុន Ly Hour SBI Insurance Plc. ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ទាប់ពី​មានការរួមបញ្ចូលគ្នា​ជាមួយក្រុមហ៊ុន SBI Holdings, Inc. នៃប្រទេសជប៉ុន។

ការផ្លាស់ប្តូរនាមករណ៍ថ្មីទៅជា ក្រុមហ៊ុន Ly Hour SBI Insurance Plc. ម.ក គឺជាការរួមបញ្ចូលគ្នានូវគុណវុឌ្ឍិ និងគុណតម្លៃ របស់ក្រុមហ៊ុន លី ហួរ គ្រុប និង ក្រុមហ៊ុន SBI Holdings, Inc. ដើម្បីបន្តពង្រីកសេវាកម្ម និង​នាំមកនូវបទពិសោធន៍ថ្មី ជូនដល់ អតិថិជន។

ក្រុមហ៊ុន​ បានបន្តថា​ ការ​ផ្លាស់ប្តូរនេះ​ នឹងនាំមកនូវយុទ្ធសាស្រ្ត​បង្រួបបង្រួមមួយ ដើម្បីធានាបាននូវភាពងាយស្រួល​នៃសេវាកម្ម និងបទ ពិសោធន៍ ថ្មីជូនអតិថិជន កាន់តែប្រសើរជាងមុន។ ដៃគូសហការ និងអតិថិជន អាចទទួល​បាននូវការប្ដេជ្ញាចិត្ត ទំនុកចិត្ត និង ក្រមសីលធម៌ក្នុងការយកចិត្តទុកដាក់ជាមួយអតិថិជនដោយស្មើភាពគ្នា ដែលធ្លាប់តែដឹងថាមាននៅជាមួយក្រុមហ៊ុន Ly Hour Insurance Plc. ឥឡូវនេះបានបង្កើនសក្ដានុពលពេញ​ដោយសមត្ថភាពនៅជាមួយក្រុមហ៊ុន Ly Hour SBI Insurance Plc.។

ក្រុមហ៊ុន Ly Hour SBI Insurance Plc. ប្តេជ្ញាក្នុងការរក្សាបាននូវស្តង់ដារកម្រិតខ្ពស់លើវិជ្ជាជីវៈ សុចរិតភាព និងផ្តោត ទៅលើអតិថិជន ដោយការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់ដំណោះស្រាយ និងសេវាកម្ម​ធានា​រ៉ាប់រងលើសពីការរំពឹងទុក។

គួរបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងដំបូង​នៅចុងឆ្នាំ ២០១៧ ដោយបានទទួល​អាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនមានដើមទុនចុះបញ្ជីសរុប ចំនួន ៧,៧លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើក​ដំណើរការ​ជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨៕