នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល បានចុះពិនិត្យទីតាំងនៃអគារ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹងត្រូវប្រារព្ធពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមឧកញ៉ាកម្ពុជា កន្លងមក បានឱ្យដឹងថា ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺនឹងមានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-រដ្ឋទូត តំណាងស្ថានពាណិជ្ជកម្មជាតិ-អន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ១០០០នាក់ នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕