នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមការងារសមាគម ចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បករ រៀបចំកម្មវិធីជូនដល់សិល្បករ សិល្បការិនី ដែលមានជីវភាពខ្វះខាត និងមានជំនាញវិជ្ជាជីវៈលើវិស័យវប្បធម៌ ចំនួន ៥០៥នាក់ មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានក្រាបថ្វាយបង្គំគាល់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅបរិវេនតំបន់អភិវឌ្ឍទីក្រុងរណបកោះនរា។
សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ក្នុងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន ដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជ្រើសរើសសិល្បករ សិល្បការិនី តន្ត្រីករផ្នែកបុរាណ និងសម័យ ដែលមានជីវភាព ខ្វះខាត និងជរាក្រីក្រ ដើម្បីបានក្រាបថ្វាយបង្គំគាល់ និងប្រទាននូវព្រះរាជអំណោយ។
នៅក្នុងវរោកាសដ៏មហាប្រសើរថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ព្រះអង្គបានស្ដេចយាងសាកសួរសុខទុក្ខសិល្បករ សិល្បការិនី និងសិប្បករទាំងអស់ ដែលជាកូនចៅរបស់ព្រះអង្គដោយទឹកព្រះទ័យអំណររីករាយជាទីបំផុត។ ដោយឡែក សិល្បករ សិល្បការិនី និងសិប្បករទាំងអស់វិញ ក៏បានសម្ដែងនួវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង ដែលមានឱកាសបានក្រាបបង្គំគាល់ព្រះមហាក្សត្រជាទីគោរពសក្ការៈដោយផ្ទាល់។
គួរបញ្ជាក់ថា ដោយមើលឃើញពីការលំបាក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៧៥,០០០,០០០៛ ដើម្បីជួយសម្រួលដល់ការចំណាយធ្វើដំណើរ ហូបចុក និងស្នាក់នៅដល់សិល្បករ សិប្បករមកពីបណ្ដាខេត្តដែលបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅថ្ងៃនេះ តបតាមសំណើររបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕