សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» គឺនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរភាគហ៊ុនធំជាងក្រុមហ៊ុនបរទេស ដោយក្នុងនោះមានសហគ្រាសសាធារណៈរបស់រដ្ឋ និងក្រុមហ៊ុនសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ។

ថ្លែងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា គម្រោងព្រែកជីកនេះ គឺជាគម្រោង BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរ) មិនមែនជាគម្រោងកម្ចីរបស់រាជរដ្ឋាភិបាល ជំពាក់ប្រទេសណាយកមកធ្វើនោះទេ មានន័យថាជាក្រុមហ៊ុនឯកជនទេដែលខ្ចីថវិកាយកមកវិនិយោគ។ សម្តេចបន្តថា ក្នុងក្រុមហ៊ុនវិនិយោគឯកជននេះ ពីដើមគឺក្រុមហ៊ុនបរទេស ១០០% ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំជាង។ គម្រោងនេះ យើងអាចរាប់បានថា ជាគម្រោងដែលវិនិយោគដោយកូនខ្មែរ និងមានការចូលរួមពីក្រុមហ៊ុនបរទេសតែមួយផ្នែកប៉ុណ្ណោះ។
សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ “ព្រែកជីកនេះ មានពីរកំណាត់។ កំណាត់ទីមួយ ពីទន្លេមេគង្គក្រោម ព្រែកតាកែវ ទៅភ្ជាប់នឹងទន្លេបាសាក់ ស្រុកស្អាង មានចម្ងាយ ២១គីឡូម៉ែត្រ។ កំណាត់ទីមួយនេះ គឺសាងសង់ដោយក្រុមហ៊ុនខ្មែរ ១០០% រួមមានសហគ្រាសសាធារណៈរបស់រដ្ឋ កំពង់ផែស្វ័យតព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញ ចំនួន ៥១% ព្រមទាំងក្រុមហ៊ុន OCIC ចំនួន ៤៩%”។
“រីឯកំណាត់ទីពីរ ពីព្រែកតាហីង ស្រុកកោះធំ ទៅដល់ខេត្តកែប ចម្ងាយ ១៣០គីឡូម៉ែត្រ គឺមានការចូលរួមវិនិយោគពីក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពាន (CRBC) របស់ចិនចំនួន ៤៩% និងក្រុមហ៊ុនខ្មែរចំនួន ៥១%។ ដូច្នេះកុំខ្លាចថា ក្រុមហ៊ុនបរទេសជាអ្នកគ្រប់គ្រងប្រើប្រាស់ ព្រោះនេះជាការអភិវឌ្ឍដោយក្រុមហ៊ុនខ្មែរសុទ្ធសាធទាំងពីរកំណាត់នេះ”។ សម្តេចបានបន្ថែម។
សូមជម្រាបថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះនឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ក្នុងរយៈពេល ៤ឆ្នាំ៕



