ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក គិត ប៊ុណ្ណារ៉ុង និងលោក គិត ណូវ៉ាណាតា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។


លោក គិត ប៊ុណ្ណារ៉ុង និងលោក គិត ណូវ៉ាណាតា ត្រូវបានគេដឹងថា ជាកូនប្រុសរបស់ អ្នកឧកញ៉ា គិត សែនសូរិយា អគ្គនាយក ក្រុមហ៊ុន ខេហ្វ័រ គ្រុប ដែលជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកឈានមុខគេមួយនៅប្រទេសកម្ពុជា និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា គិត ប៊ុណ្ណារ៉ុង និងលោកឧកញ៉ា គិត ណូវ៉ាណាតា ជាសមាជិក នៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍។


សូមជម្រាបថា លោកឧកញ៉ា គិត សែនសូរិយា អគ្គនាយក ក្រុមហ៊ុន ខេហ្វ័រ គ្រុប ក៏ទើបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕