លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីសម្ពោធ ភាពយន្ត រឿង «ការណាត់ជួប ប៉ុល ពត» របស់ផលិតករលោក រិទ្ធី ប៉ាន់ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានថ្លែងការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលភាពយន្តរឿង «ការណាត់ជួប ប៉ុល ពត» ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះផលិតករ ដែលបានផ្ដល់កិត្តិយសអញ្ជើញខាងសមាគមសិល្បករខ្មែរបានចូលរួមទស្សនាស្វែងយល់ភាពយន្តដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហមមួយនេះ។
លោកជំទាវអ្នកឧកញ៉ា បានបង្ហាញមោទនភាពដែលខ្សែភាពយន្តរឿង «ការណាត់ជួបប៉ុល ពត» របស់ផលិតករ រិទ្ធី ប៉ាន់ ត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៤ដល់ថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ។

តាមរយៈការចាក់បញ្ចាំងនោះ ពិតជាបានរួមចំណែកធ្វើឱ្យពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀតអំពីសង្គ្រាម ជាពិសេសអំពើប្រល័យពូជសាសន៍ដែលធ្លាប់កើតមាននៅកម្ពុជាអំឡុងឆ្នាំ ១៩៧៥-១៩៧៩ ដោយបានកាប់សម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់ ឬអាចជាមូលដ្ឋានមួយសម្រាប់ការសិក្សាស្រាវជ្រាវនានាផងដែរ។
ដោយឡែក ចំពោះយុវជនកម្ពុជាខ្មែរជំនាន់ក្រោយវិញ ខ្សែភាពយន្ត«ការណាត់ជួបប៉ុល ពត» ពិតជារួមចំណែកឱ្យពួកគេយល់កាន់តែច្បាស់ពីសោកនាដកម្មសង្គ្រាមក្នុងអតីតកាលកម្ពុជា ហើយបំផុសស្មារតីស្រឡាញ់សុខសន្តិភាព និងខិតខំចូលរួមថែរក្សាសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ។
លោក រិទ្ធី ប៉ាន់ ជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធភាពយន្តឯកសារកម្ពុជា។ ភាពយន្ត និងភាពយន្តឯកសារជាស្នាដៃរបស់លោកផ្តោតលើលទ្ធផលនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនៅកម្ពុជាហើយមានការទទួលស្គាល់ជាលក្ខណ:អន្តរជាតិ និងទទួលពានបានរង្វាន់ពីមហោស្រភាពយន្តអន្តរជាតិធំៗជាច្រើន នាពេលកន្លងមក។
ភាពយន្តឯកសារដ៏ល្បីល្បាញបំផុតរបស់ផលិតកររូបនេះ គឺ S21: The Khmer Rouge Killing Machine (២០០៣) និយាយអំពីគុកទារុណកម្មដ៏អាក្រក់របស់ខ្មែរក្រហម។ ក្រោយមកភាពយន្តឯកសាររបស់លោក The Missing Picture (២០១៣) បានក្លាយជាភាពយន្តខ្មែរដំបូងគេដែលត្រូវបានឈ្នះពានរង្វាន់ Academy ជា “ភាពយន្តភាសាបរទេសល្អបំផុត”៕






