ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះសាររំឭកអនុស្សាវរីយ៍ថ្ងៃរៀបការ កាលសម័យខ្មែរក្រហម។
ឧកញ៉ាបណ្ឌិតបានលើកឡើងថា៖ «ថ្ងៃអង្គារ៍ ទី៨ ខែ០៨ ឆ្នាំ១៩៧៨ គឺជាថ្ងៃដែលពួកខ្មែរក្រហម បានប្រមូលយុវជន យុវនារី ចំនួន២៦នាក់ស្មើនឹង១៣គូរ ក្នុងនោះក៏មានរូបខ្ញុំព្រមទាំងភរិយាផងដែរ យកមកផ្សំផ្គុំរៀបការដោយមិនបានឱ្យស្គាល់មុខគ្នាជាមុននោះទេ ដើម្បីកុំឱ្យច្រឡំប្តីឬប្រពន្ធ ប្រធានកងបានបញ្ជាឱ្យប្តូរក្រម៉ាគ្នាទៅវិញទៅមក ចំណែកឯរូបខ្ញុំចំណាំក្រម៉ាផង ប្រពន្ធផង ប្រហែល១ខែបានស្គាល់ប្រពន្ធច្បាស់»។
លោកឧកញ៉ាបណ្ឌិត បានបន្ថែមទៀតថា៖ «បើគូរណាមិនយល់ព្រមធ្វើតាមពួកអាវខ្មៅនេះទេ ពួកវានឹងសម្លាប់ចោលទាំងពីរនាក់។ ក្រោយរំដោះថ្ងៃ៧មករាឆ្នាំ ១៩៧៩ យុវជន យុវនារី ដែលមិនពេញចិត្តនឹងគ្នាក៏ត្រូវបានបែកបាក់គ្នាជាបន្តបន្ទាប់ ដោយឡែករូបខ្ញុំនិងភរិយាបាននៅរួមរស់ជាមួយគ្នារហូតមកដល់ថ្ងៃព្រហស្បតិ៍ទី០៨.០៨.២០២៤នេះ អស់រយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅហើយ»។
ជាមួយនឹងការនឹកឃើញអនុស្សាវរីយ៍នៃថ្ងៃរៀបការនេះ ឧកញ៉ាបណ្ឌិតក៏បានលើកឡើងថា កាលពីគម្រប់ខួប៤០ឆ្នាំ លោកបានរៀបចំពិធីនៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដោយឡែកក្នុងឆ្នាំជាបន្ដបន្ទាប់លោកឧកញ៉ាបណ្ឌិតនិងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី មិនបានរៀបចំពិធីអ្វីធំដុំនោះទេ ដើម្បីកុំឱ្យភ្លេចធាតុដើម។
ឧកញ៉ាបណ្ឌិតក៏បានបញ្ជាក់ផងដែរនៅក្នុងខួប៤៦ឆ្នាំនេះ លោកឧកញ៉ា និងភរិយាបាននាំគ្នាស្លៀកសម្លៀកបំពាក់ខ្មៅដូចគ្នា មកហូបបបរសត្រីងៀតដើម្បីរំលឹកអនុស្សាវរីយ៍កាលពី៤៦ឆ្នាំមុន។
សូមជម្រាបជូនថា ចំណងអាពាហ៍ពិពាហ៍រវាងលោកឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី មានរយៈពេល៤៦ឆ្នាំមកហើយ។ លោកឧកញ៉ាធ្លាប់បានលើកឡើងថា ចំណងអាពាហ៍ពិពាហ៍ ដែលអាចរក្សាបានយូរអង្វែងជាមួយភរិយាដល់ចាស់រៀងខ្លួន គឺអាស្រ័យលើភាគីទាំងសងខាង មានភាពស្មោះឱ្យគ្នា យោគយល់គ្នា សន្ដោសប្រណី ចេះលើកលែងចេះអភ័យទោស ពេលមានឧកសគ្គ មានបញ្ហាត្រូវតែជម្នះ ពុះពារទៅជាមួយគ្នា។
លោកឧកញ៉ា បានពន្យល់ថា ចំណងស្នេហារវាងលោកជាមួយនិងភរិយា គឺការផ្ដល់ទំនុកចិត្ត និងព្យាយាមយល់ចិត្តគ្នាទៅវិញទៅមក។ ជាក់ស្ដែងលោកជំទាវ ម៉ែន ស៊ុន មិនដែលទាមទារថ្ងៃសៅរ៍អាទិត្យថាត្រូវតែនាំជូនទៅផ្សារទំនើប ឬត្រូវកំដរទៅនេះទៅនោះ។ ប្រសិនបើលោកមានកិច្ចការងារ ត្រូវចុះទៅចម្ការដំណាំផ្សេងៗ ភរិយារបស់លោកភាគច្រើន នឹងទៅជួយកិច្ចការងារផ្សេងៗជាមួយគ្នា ដែលនេះហើយជាការផ្ដល់នូវទំនុកចិត្ត និងការយល់ចិត្តគ្នាដែលជាមូលហេតុអាចជួយឱ្យចំណងគ្រួសារមានសុភមង្គល៕