ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពី ឈ្មោះ ខុន បញ្ចសិទ្ធិ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ។ នេះបើតាមការបង្ហាញឱ្យដឹងពីសមាគមឧកញ៉ាកម្ពុជា។
គួររំឭកថា ឧកញ៉ា ខុន បញ្ចសិទ្ធិ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ពាក់ព័ន្ធនឹងអំពើបាញ់បោះសេរីដោយអាវុធ នៅក្នុងក្លឹបកម្សាន្ដមួយកន្លែង កាលយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ បច្ចុប្បន្ន ឧកញ៉ារូបនេះ កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។
សូមបញ្ជាក់ថា លោក ខុន បញ្ចសិទ្ធិ ធ្លាប់ទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤២ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ លោក ខុន បញ្ចសិទ្ធិ ក៏ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាមួយរូបផងដែរ៕