ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រកាសថានឹងយករថយន្តស៊េរីទំនើបរបស់ខ្លួន ចូលរួមព្រឹត្តិការណ៍ Gumball 3000 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រ នៃតំបន់សៀមរាបអង្គរ ទៅកាន់ពិភពលោក តាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក និងនាំយកថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។

លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា៖ “Gumbal 3000 ជាកម្មវិធី supercar ធំជាងគេលើពិភពលោកនឹងមកដល់កម្ពុជាថ្ងៃ ១៥-១៧ ខែកញ្ញា នេះហើយជាឱកាសល្អខ្លាំងណាស់ដែលកម្ពុជាត្រូវបានផ្សព្វផ្សាយពេញពិភពលោក ហើយទេសចរណ៍នៅកម្ពុជានឹងកើនឡើងជាក់ជាពុំខាន។ ខ្ញុំ ខេមរៈ សិរីមន្ត សូមចូលរួមច្រៀង ហើយនឹងយករថយន្តទៅចូលរួមដោយស្ម័គ្រចិត្ត ព្រោះកម្មវិធីនឹងយកថវិកាទៅជូនមន្ទីពេទ្យកុមារអង្គរ «រួមគ្នាដើម្បីកម្ពុជា»”។
ជាមួយនឹងការប្រកាសចូលរួមក្នុងកម្មវិធីខាងលើនេះ លោកឧកញ៉ា ក៏បានបង្ហោះវីដេអូឃ្លីបបន្ថែម អំពីការតុបតែងរថយន្តរបស់ខ្លួនម៉ាក Lamborghini និង Rolls-Royce ព្រមទាំងបានអញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មានជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 មិនមែនជាព្រឹត្តិការណ៍ ដែលបង្កើតឡើងក្នុងគោលបំណងបង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេ ផ្ទុយទៅវិញវាជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”៕




