ប្អូនស្រីពៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ចប់ថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិ (International Business) នៅសាកល​វិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា (IIC of Technology University) បន្ទាប់ពីការពារនិក្ខេបបទដោយ​ជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារជាមួយនឹងអត្ថន័យដ៏ជ្រាលជ្រៅ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ នៅលើទំព័រហ្វេសប៊ុកថា៖ “ឪពុកខ្ញុំមុខរបរែកដីមានកូនរៀនដល់បណ្ឌិត ពិតជាមានមោទន:ភាពចំពោះប្អូនស្រី និងលោកពុកណាស់។ កាលខ្ញុំនៅវ័យសិក្សាគ្រួសារក្រីក្រ ទើបងើបពីសង្គ្រាម មិនបានរៀនសូត្រខ្ពង់ខ្ពស់ តែដោយសារកាប្រឹងតស៊ូជាកម្មករ យកកំលាំងបាយដូការរៀនសូត្រខ្លះ មានឱកាស ធ្វើពលករនៅកូរ៉េ បានផ្គត់ផ្គង់ប្អូននិងក្មួយបានខ្លះ។ មានតែការខិតខំតស៊ូ ប្រឹងធ្វើអ្វីដែលអាចធ្វើទៅបាន គ្រប់ពេលវេលាគ្រប់កាលៈទេសៈ ទើបមានលទ្ធផល។ ពេលនេះជាបងបណ្ឌិត ថ្ងៃក្រោយថាមិនត្រូវអាចនឹងក្លាយជាឪពុកបណ្ឌិត”។

រីឯអ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានបង្ហោះសារ​អបអរសាទរ នៅលើ​ទំព័រហ្វេសប៊ុក​ ដល់ប្អូនស្រី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ផងដែរ។ អ្នកឧកញ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ “ប្អូនស្រីពៅបញ្ចប់និក្ខេបបទ​ថ្នាក់បណ្ឌិត​ផ្នែក International Business។ ផ្អែកលើចំណេះដឹងដែលមាន ដែលបានរៀន ប្អូនត្រូវខិតខំ​ចុះ​អនុវត្តផ្ទាល់បន្តទៀត។ កាលនៅវ័យសិក្សាគ្រួសារក្រីក្រ បងៗមិនបានរៀនសូត្រខ្ពង់ខ្ពស់ទេ តែដោយសារ​ប្រទេសជាតិ​សុខសាន្ត ក៏ផ្ដល់ឱកាសអោយបងៗអាចប្រឹងប្រែងតស៊ូចេញពីពលករ កម្មករ ក៏មានលទ្ធភាពឱ្យ​ប្អូនរៀនចប់សព្វគ្រប់។ បងៗតែងទទួលការប្រមាថ រើសអើង ទាំងផ្ទាល់និងប្រយោលពីអ្នករៀនសូត្រជ្រៅជ្រះ និងអ្នកបានរៀនតិចតួចមួយចំនួន។ នេះជាអ្វីដែលបងៗឆ្លងកាត់ជួបប្រទះរហូតដល់បច្ចុប្បន្ន តែពួកគាត់ទាំង​នោះ​មិនក្លាហានជាងបងៗទេ”។

សូមជម្រាបថា ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បច្ចុប្បន្ន​ជាអ្នកជំនួញ​ផ្នែកអចលនទ្រព្យមួយ​រូប​​ ដូចបងៗប្រុស​របស់​ខ្លួន​ផង​ដែរ៕