ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា លោកសូមផ្ញើអនាគតរបស់ខ្លួននឹងវិស័យកសិកម្មកម្ពុជា ព្រោះយល់ថាកសិកម្មនៅកម្ពុជា គឺជាសសរទ្រូងទ្រងទ្រង់សេដ្ឋកិច្ចនៅមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសកម្ម។

លោកឧកញ៉ា បានបង្ហោះរូបភាពមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យ ដូច្នេះថា៖ “សម្រាកខ្លះ ហើយចាំបន្តរទៅមុខទៀត។ ខ្ញុំសូមផ្ញើរអនាគតខ្ញុំ នឹងវិស័យកសិកម្មនៅកម្ពុជា។ កសិកម្មនៅកម្ពុជា ជាសសរទ្រូងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងស្រុក យ៉ាងសកម្ម។ មិនតែប៉ុណ្ណោះនឹងជំរុញកម្ពុជាឱ្យក្លាយជាអធិរាជស្បៀងក្នុងតំបន់។ កម្ពុជា ប្រទេសតូច បេះដូងធំ។
កន្លងមក លោកឧកញ៉ា ចាន់ សុឃាំង ធ្លាប់បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសមួយប្រកបដោយអំណោយផលនៃធម្មជាតិជាច្រើនទាំងសណ្ឋានដី អាកាសធាតុ តែដោយសារសង្គ្រោម បានធ្វើឱ្យកសិករកម្ពុជាចំនួន ជាង២៨% ឬប្រហាក់ប្រហែល១.០៩លានគ្រួសារ មានដីស្រែតិចជាង ១ហិកតា និង កសិករចំនួន១១% ជាង ៤សែន៥ម៉ឺនគ្រួសារធ្វើស្រែដោយការជួលដី។

សូមជម្រាបថា ឧកញ៉ា ចាន់ សុឃាំង គឺជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន បានដឹកនាំ កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ក្នុងតួនាទីជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ចាន់ សុឃាំង ធ្លាប់បានបញ្ជាក់ថា សហព័ន្ធកំពុងធ្វើយ៉ាងណាឱ្យ ទីផ្សារអង្ករកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ លើបច្ចុប្បន្នភាពនៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង នាឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង ២០២២ សម្រាប់ពូជស្រូវ ផ្ការំដួល និងពានរង្វាន់មាសចិនអាស៊ាន ឆ្នាំ២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប០១៕
