ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឧកញ៉ា វ៉ាន់ ស៊ូអៀង ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ត្រាស់បង្គាប់តែងតាំង ឧកញ៉ា វ៉ាន់ ស៊ូអៀង ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ដោយពុំទទួល​ប្រាក់​បំណាច់មុខងារ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧២៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាប​បង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង វ័យ៧១ឆ្នាំ ត្រូវបានគេដឹងថា​ជា អនុប្រធានក្រុមប្រឹក្សាភិបាល អេស៊ីអា អ៊ិនសូរិន (ខេមបូឌា), អនុប្រធាន​ក្រុមប្រឹក្សាភិបាល Asia Properties Cambodia Ltd, ប្រធាន​ក្រុមប្រឹក្សាភិបាល PPS Garment Factory, ប្រធាន PPS Industrial Estate Holding Co., Ltd. ប្រធាន Cambodian Country Club (CCC) នៅផ្លូវ២០០៤, ប្រធាន ហ្គោលដេន សូរិយា ម៉ល និងជាប្រធាន Boutique Hotel La Plantation Resort and SPA ។

លោកឧកញ៉ា ក៏​មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​ដូចជា៖ ប្រធាន​កិត្តិយស​សហព័ន្ធនិយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ប្រធាន​កិត្តិយស​ក្រុមប្រឹក្សាភិបាល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និងជាអភិបាលមួយរូប នៃធនាគារ អេស៊ីលីដា ផងដែរ។

សូមជម្រាបថា លោក វ៉ាន់ ស៊ូអៀង ដែលជាអ្នកសិក្សាជ្រៅជ្រះមួយរូប បញ្ចប់ការសិក្សា​មកពីទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងមានមុខជំនួញជាច្រើនក្នុងដៃ ត្រូវបានព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់គោរមងារ «ឧកញ៉ា» កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣៕