នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការធនាគារជាតិនៃកម្ពុជា បានសហរៀបចំកិច្ចប្រជុំភាពជាដៃគូក្រោមយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន រវាង លេខាដ្ឋានសម្របសម្រួលនៃ សភាពាណិជ្ជកម្មកម្ពុជា និង ធនាគារជាតិនៃកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” តំណាងផ្នែកឯកជន បានដឹកនាំ អនុប្រធាន សមាជិកសមាជិកា នៃក្រុមការងារ “ង” (តាមសេចក្តីសម្រេចលេខ ៩៧ សសរ) និងក្រុមការងារចំពោះកិច្ចផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។ ជាពិសេស មានការចូលរួម ពីសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ នឹងធនាគារឯកជនជាច្រើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ “ង” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ក្នុងកិច្ចប្រជុំភាពជាដៃគូនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាសហប្រធានក្រុមការងារ “ង” តំណាងផ្នែករដ្ឋាភិបាល ជាសហប្រធានដឹកនាំ។ កិច្ចប្រជុំនេះ ជាពិសេសក៏មានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារ (តាមសេចក្តីសម្រេចលេខ ១៣១ សសរ) ហើយវត្តមាន ថ្នាក់ដឹកនាំ តំណាងសំខាន់ៗ ពីស្ថាប័នរដ្ឋ និងឯកជន តំណាងក្រុមហ៊ុន សមាគមជាតិ និងអន្តរជាតិជាច្រើន។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ ១. អត្រាប្រាក់បម្រុងកាតព្វកិច្ច, ២. អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន, ៣.ប្រកាសពាក់ព័ន្ធនឹងក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន, ៤. ការរៀបចំឥណទានឡើងវិញ និង ៥. ហានិភ័យបច្ចេកវិទ្យា (Cyber Crime) និងបណ្តឹងរបស់សមាជិកដែលមិនទាន់បានដោះស្រាយមានចំនួនច្រើន ហើយត្រូវចាំរយៈពេលយូរនៅតុលាការ ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធ្វើ យ៉ាងណាសម្របសម្រួលផ្តល់ដោះស្រាយ ការពន្យល់ ដើម្បីធ្វើឲ្យវិស័យនេះផ្តល់នូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេស កម្ពុជា។
ជាលទ្ធផលពីកិច្ចប្រជុំនេះ លោកជំទាវ បណ្ឌិត ទេសាភិបាល បានឆ្លើយតបជាវិជ្ជមានតាមសំណើររបស់វិស័យឯកជន មួយចំនួន ហើយក៏បាន សាទរទទួលយកពីវិស័យឯកជន នឹងមួយចំនួនទៀត គឺបានផ្តល់ជាអនុសាសន៍បន្ថែមជូនវិស័យឯកជន លើការអនុវត្តតាមសេចក្តីណែនាំ ប្រកាស នានា របស់ ធនាគារជាតិនៃកម្ពុជា។
ជាមួយគ្នានោះដែ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាសហប្រធាន ក៏បានលើកនូវសំណូមពរ ជូនដល់ លោកជំទាវបណ្ឌិត ទេសាភិបាល ស្នើបង្កើតអនុគណកម្មាធិកា ស្ថិតក្រោមក្រុមការងារ “ង” នេះ ដើម្បីទទួលយកបញ្ហាប្រឈម សំណូមពរ ក្នុងវិស័យសេវាធនាគារបនិងហិរញ្ញវត្ថុ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្វែងរកដំណោះស្រាយ ជូនដល់វិស័យឯកជន និងធនាគារជាតិនៃកម្ពុជា ក៏អាចទទូលបានធាតុចូល ឬ សំណើរសំណូមពរ សម្រាប់ធ្វើកែតម្រូវលើ ប្រកាសណែនាំផ្សេងៗ ទាន់ពេលផងដែរ។
ជាចុងបញ្ចប់ លោកជំទាវបណ្ឌិត និងអ្នកឧកញ៉ា ដែលជាសហប្រធានទាំងពីរ បានឯកភាពគ្នា លើការសម្រេចដែលបានពិភាក្សាក្នុងអង្គប្រជុំ លើបញ្ហាដែលបានលើកពីវិស័យឯកជន ព្រមទាំងបានពិភាក្សា និងទទួលការពន្យល់ឆ្លើយតបពី លោកជំទាវបណ្ឌិត លើបញ្ហាផ្សេងៗមួយចំនួនទៀតផងដែ៕