លោកអ្នកឧកញ៉ា ពុង ឃាវសែ៖ ប្រទេសចិន ជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានលើកឡើងថា ប្រទេសចិន ជាប្រភព​នៃ​ការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា ជាច្រើនឆ្នាំមកហើយ ខណៈដែលនៅឆមាសទី១ ឆ្នាំ២០២៤នេះ ទំហំវិនិយោគរបស់ចិន នៅប្រទេសកម្ពុជា មាន​រហូតដល់ ១៣៨០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បាន​ថ្លែង​ក្នុង​កម្មវិធីសន្និសីទជំរុញកិច្ច​សហ​ប្រតិបត្តិ​ការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ខេត្ត​ក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលបុរីកោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ យ៉ាងដូច្នេះថា៖ “ប្រទេសចិន គឺជាប្រភពនៃការវិនិយោគបរទេស​ដ៏ធំបំផុតរបស់​កម្ពុជា រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការវិនិយោគរបស់ប្រទេសចិន នៅក្នុងប្រទេស​កម្ពុជា មានចំនួន១ ៣៨០លានដុល្លារអាមេរិក ស្មើនឹង៤២.៦% នៃការវិនិយោគសរុប”។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា កម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនិងការចុះហត្ថលេខា លើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងសានថូវនាពេលនេះ វានឹងជំរុញឲ្យសេដ្ឋកិច្ច នៃប្រទេស​ទាំងពីរកើនឡើង ពិសេសនិងធ្វើឱ្យ​អ្នកវិនិយោគមកពីប្រទេសចិន មករកស៊ីនៅកម្ពុជា ពិសេសនៅ​រាជធានី​ភ្នំពេញ កាន់តែច្រើន ដែលធ្វើឲ្យប្រទេសទាំងពីរ ឈ្នះរួមគ្នា។

សូមជម្រាបថា បើតាមលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ សន្និសីទជំរុញកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ប្រទេសចិន នឹងរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មីមួយ សម្រាប់ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មមួយចំនួនទៀតផងដែរ៕